ឡានអគ្គិសនី Lexus នឹងចេញលក់លើទីផ្សារអាស៊ីអាគ្នេយ៍មួយទៀត នៅដើមឆ្នាំក្រោយនេះ

រថយន្ត UX 300e បច្ចុប្បន្នគឺជារថយន្តអគ្គិសនីសុទ្ធតែមួយរបស់ Lexus ដែលរថយន្តនេះរំពឹងថានឹងចេញលក់លើទីផ្សារប្រទេសម៉ាឡេស៊ីនាដើមឆ្នាំក្រោយ បន្ទាប់ពីបានចេញលក់នៅឥណ្ឌូណេស៊ី និងប្រទេសថៃរួចមក។

UX 300e មានបំពាក់ដោយម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបាន ២០៤សេះ ហើយវាមានប្រអប់លេខពីរវគ្គ និងប្រើប្រព័ន្ធបើកបរវិលកង់មុខ (ប៉ុងមួយ)។ ផ្អែកតាមក្រុមហ៊ុន រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៧,៥វិនាទី និងមានល្បឿនអតិបរមា ១៦០គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយចំណុះ ៥៤,៣kWh របស់រថយន្តអាចបើកបរបានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ ដែលវាចំណាយពេលសាកប្រមាណ ៥ ទៅ ៦ម៉ោង ប្រសិនបើសាកជាមួយដុំសាកស្តង់ដារ ប៉ុន្តែបើសាកជាមួយដុំសាកល្បឿនលឿនចំណាយពេល ៥០នាទី អាចសាកពី ០ ឡើងដល់ ៨០%។

នៅឥណ្ឌូណេស៊ី Lexus UX 300e មានដាក់លក់តម្លៃប្រមាណ ៨៦ ០០០ដុល្លារ ខណៈដែលនៅប្រទេសថៃវិញមានតម្លៃប្រមាណ ១០២ ០០០ដុល្លារ។ ចំពោះនៅម៉ាឡេស៊ីនៅមិនទាន់ដឹងតម្លៃនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម