[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការបង្ហាញចេញនូវពត៌មានមួយចំនួន និងរូបភាពផ្លូវការរបស់រថយន្តអគ្គិសនី MG4 Electric នៅអឺរ៉ុប ឬហៅថា MG Mulan សម្រាប់ទីផ្សារប្រទេសចិន។
សម្រាប់រថយន្តអគ្គិសនី MG4 ដែលជារថយន្តម៉ាក MG ដំបូងគេដែលប្រើស្ថាបត្យកម្មម៉ូឌុលថ្មីរបស់ SAIC Motor (MSP) ដែលជាស្ថាបត្យកម្មរថយន្តអគ្គិសនី ជាមួយប្រវែងតួខ្លួនសរុប ៤ ២៨៧ ម.ម ទទឹង ១ ៨៣៥ ម.ម និងកំពស់ ១ ៥០៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ០៦២ ម.ម ។
គួរឲ្យដឹងដែរថា សម្រាប់ព័ត៌មានលម្អិតនៃម៉ូទ័រអគ្គិសនីនៃរថយន្តអគ្គិសនី MG4 នៅអឺរ៉ុបមិនត្រូវបានបញ្ជាក់នោះទេ។ ប៉ុន្តែយោងទៅតាមរថយន្ត MG Mulan នៅក្នុងប្រទេសចិន វាត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ២០១ សេះ ខណៈជម្រើសម៉ូទ័រអគ្គិសនីតូចជាងនេះ បង្កើតកម្លាំងបាន ១៦៨ សេះ ប៉ុង១ វិលកង់ក្រោយ និងប៉ុង២ផងដែរ ភ្ជាប់ជាមួយអាគុយទំហំ ៥១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាគុយទំហំ ៦៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៤៥០គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនី MG4 Electric បច្ចុប្បន្នកំពុងស្ថិតក្រោមការសាកល្បងចុងក្រោយនៃការបើកបរ ១២០ ០០០ គីឡូម៉ែត្រក្រោមលក្ខខណ្ឌផ្សេងៗនៅអឺរ៉ុប ហើយត្រូវបានគេរំពឹងថានឹងចេញលក់នៅអឺរ៉ុបក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២២ ជាមួយនឹងតម្លៃប្រហែលចាប់ពី ៣១ ៥៩១ ដុល្លារ៕