ឡានអគ្គិសនីរបស់ឥណ្ឌា Tata Nexon MAX មុខមាត់ថ្មី សាកថ្មម្តងជិះបានជាង ៤០០គីឡូម៉ែត្រ ត្រៀមចេញលក់នៅសប្តាហ៍ក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Tata Motors ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Tata Nexon MAX  ដែលជាម៉ូដែលធ្វើឲ្យប្រសើរឡើងក្នុងការបើកបរកាន់តែឆ្ងាយ នឹងត្រៀមដាក់លក់នៅថ្ងៃទី ១១ ខែឧសភា ខណៈតម្លៃនៅមិនទាន់បញ្ចេញនៅឡើយទេ។

រថយន្តអគ្គិសនី Tata Nexon បច្ចុប្បន្នត្រូវបានបំពាក់ដោយកញ្ចប់អាគុយទំហំ ៣០,២ គីឡូវ៉ាត់ម៉ោង ដែលផលិតកម្លាំងបាន ១២៥ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយប្រហែល ៣១២ គីឡូម៉ែត្រនក្នុងការសាកថ្មម្តង។ ខណៈ Tata Nexon MAX ម៉ូដែលថ្មីនេះ ត្រូវបានធ្វើឲ្យប្រសើរឡើងដើម្បីឲ្យអាចបើកបរបានច្រើនជាង ៣០០ គីឡូម៉ែត្រក្នុងមួយសាក នៅលើអាគុយទំហំ ៤០ គីឡូវ៉ាត់ម៉ោង ជាមួយនឹងភាពប្រសើរឡើងនៃគ្រឿងបរិក្ខារ និងប្រព័ន្ធសុវត្ថិភាពផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្តអគ្គិសនី Tata Nexon MAX ថ្មីនេះ ត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងដូចជា អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញថ្មី កុងទ័រព័ត៌មាន semi-digital ឧបករណ៍បន្សុតខ្យល់ កៅអីខាងមុខដែលមានខ្យល់ចេញចូល ដំបូលកញ្ចក់ electric sunroof និងប្រព័ន្ធ cruise control។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន TATA MOTORS ដែលជាក្រុមហ៊ុនផលិតរថយន្តឥណ្ឌាចាប់អារម្មណ៍លើរថយន្តអគ្គិសនី ក្រុមហ៊ុនបានកំណត់គោលដៅសម្រាប់ផលិតរថយន្តអគ្គិសនីច្រើនជាង ៥០ ០០០ គ្រឿងក្នុងឆ្នាំសារពើពន្ធ ២០២៣ ឬឆ្នាំក្រោយ។ ហើយក៏រំពឹងថានឹងពង្រីកការផលិតរថយន្តពី ១២៥ ០០០ ទៅ ១៥០ ០០០  គ្រឿងក្នុងមួយឆ្នាំសម្រាប់រថយន្តអគ្គិសនីក្នុងរយៈពេល ២ ឆ្នាំខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម