[ទីផ្សារបរទេស] ក្រុមហ៊ុន SAIC-GM-Wuling បានប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីខ្នាតតូចថ្មីម៉ូដែល Air មានតម្លៃចន្លោះពី ៩៧០០ដុល្លារ ដល់ ១១ ៨៦០ដុល្លារ លើទីផ្សារប្រទេសចិន។
រថយន្ត Air នេះមានចែកចេញជាបួនប្រភេទដែលមានចម្ងាយបើកបរបានឆ្ងាយដល់ ៣០០គីឡូម៉ែត្រ ដោយដំណើរការដោយម៉ូទ័រអគ្គិសនីកម្លាំង ៤០សេះ សម្រាប់កៅអីអង្គុយពីរ និងកម្លាំង ៦៨សេះ សម្រាប់ប្រភេទកៅអីអង្គុយបួន ហើយការសាកភ្លើងពី ៣០% ឡើងដល់ ៨០% ប្រើពេលតែ ៤៥នាទីប៉ុណ្ណោះ។
នៅផ្នែកខាងក្នុងនៃរថយន្ត Air មានបំពាក់អេក្រង់ភ្លោះទំហំ ១០,២៥អ៊ីញ ជាមួយប្រព័ន្ធប្រតិបត្តិការផ្ទាល់របស់ក្រុមហ៊ុន Wuling ឈ្មោះថា Ling ហើយផ្នែកខាងក្នុងនេះដែរបានប្រើប្រាស់រចនាបថបែបសាមញ្ញ និងតុបតែងដោយពណ៌ចំនួនពីរ។
គួរដឹងថារថយន្តនេះបានប្រកាសចេញដំបូងនៅប្រទេសឥណ្ឌូណេស៊ីកាលពីខែសីហា ហើយគិតត្រឹមចុងខែតុលា ក្រុមហ៊ុន SGMW បានដឹកជញ្ជូនរថយន្តនេះចំនួន ៣០០គ្រឿង ទៅកាន់ឥណ្ឌូណេស៊ី។ ចាប់តាំងពីប្រកាសចេញរថយន្ត Air នេះទទួលបានការកុម្ម៉ង់ទិញដល់ ៤ពាន់គ្រឿង៕