ឡានអគ្គីសនីរបស់ចិនមួយនេះ សាកថ្មម្តងជិះបានរហូតដល់ ១,០០០ គីឡូម៉ែត្រ ត្រៀមបង្ហាញខ្លួនក្នុងខែនេះ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ៥ ខែមីនា កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត NIO បានធ្វើការប្រកាសថា រថយន្តអគ្គិសនីប្រណីត NIO ET7 បានត្រៀមរួចជាស្រេចក្នុងការផលិត និងការសាកល្បង ដោយចាប់ផ្តើមផលិត នៅថ្ងៃទី ១០ ខែមីនា និងរថយន្តដំបូងគេគ្រោងនឹងចែកចាយនៅថ្ងៃទី ២៨ ខែមីនាខាងមុខនេះ។

ក្នុងនោះ លោក Qin Lihong សហស្ថាបនិក និងជាប្រធាន NIO បាននិយាយថា ក្រុមហ៊ុននឹងអនុញ្ញាតឱ្យបើកបរសាកល្បងចំនួន ៣០០ គ្រឿង/ថ្ងៃ ចាប់ពីសប្តាហ៍ក្រោយ ហើយគ្រោងនឹងធ្វើតេស្តចំនួន ១,០០០ គ្រឿងក្នុងមួយថ្ងៃនាពេលអនាគត។ លើសពីនេះ ក្រុមហ៊ុននឹងផ្តល់អាទិភាពដល់ការបើកបរសាកល្បងសម្រាប់អតថិជនដែលបានបញ្ជាទិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិនសី NIO ET7 មានប្រវែងតួខ្លួនសរុប ៥,០៩៨ ម.ម, ទទឹង ៣,០៦០ ម.ម និងកំពស់ ១,៩៨៧ ម.ម ជាមួយនឹងការរចនាដ៏សាមញ្ញដោយមានបំពាក់ជាមួយប៉ាណាមុខដែលព័ទ្ធជុំវិញពេញលេញ, ចង្កៀងមុខ ប្រភេទ LED Dual Beam ជាមួយអំពូលបំភ្លឺពេលថ្ងៃ, ចង្កៀងក្រោយប្រភេទ 3D Heartbeat, ទ្វារកញ្ចក់គ្មានស៊ុម, ទ្វារអេឡិចត្រូនិច E-latch និងដំបូលកញ្ចក់ទំហំរហូតដល់ ១,៩ ម៉ែត្រការ៉េ។

ចំពោះផ្នែកខាងក្នុងនៃកាប៊ីនកាន់តែប្រណិតនិងផាសុកភាព ដោយមានបំពាក់នៅកុងសូលដែលមានសម្ភារៈហៅថា Karuun ធ្វើពីផ្តៅចំនួន ១៤ ជាមួយនឹង Invisible Smart Air Vents ដែលលាក់នៅលើកុងសូលខាងមុខ និងខាងក្រោយ, កាមេរ៉ាទំហំ ៨ mega pixel processor ពី Nvidia គឺលឿនជាង Tesla ដល់ទៅ ៧ ដង។

NIO ET7 គឺជារថយន្តអគ្គិសនីដំបូងបង្អស់ ដែលនឹងផ្តល់ជូននៅជម្រើសថ្មលីចូម-អ៊ីយ៉ុងចំនួនបី រួមមាន ៧៥ គីឡូវ៉ាត់ម៉ង, ១០០ គីឡូវ៉ាត់ម៉ោង និង​១៥០ គីឡូវ៉ាត់ម៉ោង ជាមួយនឹងថាមពលដ៏ធំបំផុតដែលអាចបើកបរបានចម្ងាយ ១,០០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។

គួរឲ្យដឹងថា គ្រប់ម៉ូដែល ET7 ទាំងអស់នឹងផ្តល់ជូននៅម៉ូទ័រ dual-motor AWD ដែលរួមបញ្ចូលគ្នាផលិតកម្លាំងបាន ៦៤៤ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុន បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង រយៈពេល ៣,៩ វិនាទី។ នៅក្នុងប្រទេសចិន NIO ET7 មានតម្លៃចាប់ផ្តើម ៧១ ០០០ ដុល្លារ មុនពេលពន្ធជំនួយពីរដ្ឋាភិបាល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម