រថយន្តអគ្គិសនីសុទ្ធ Peugeot E-308 និង E-308 SW បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់បង្ហាញចេញនៅរូបភាពនៃរថយន្ត Peugeot E-308 និង E-308 SW ស៊េរីឆ្នាំ ២០២៣ ដែលជាប្រភេទអគ្គិសនីសុទ្ធ មុនពេលបង្ហាញខ្លួនជាផ្លូវការពាក់កណ្តាលឆ្នាំក្រោយ។

សម្រាប់ម៉ូដែលទាំង ២ នេះ ត្រូវបានអភិវឌ្ឍផ្តោតសំខាន់លើតួខ្លួន Aerodynamic ដោយផ្នែកខាងមុខត្រូវបានកែលម្អ ក៏ដូចជាផ្នែកខាងក្រោមផងដែរ ហើយឈុតថ្មីនៃថាសកង់អាលុយមីញ៉ូមទំហំ ១៨ អ៊ីញក៏ត្រូវបានរចនាផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងគឺដូចគ្នាទាំងស្រុងទៅនឹងម៉ូដែល Peugeot 308 ដែលដំណើរការដោយថាមពលចំហេះក្នុង មានន័យថាវាមានលក្ខណៈពិសេសរបស់រថយន្ត Peugeot ដោយផ្តល់នូវ i-Cockpit ជំនាន់ចុងក្រោយជាមួយនឹងដៃចង្កូតដែលមានមុខងារកម្តៅ អេក្រង់បង្ហាញឌីជីថល 3-dimensional digital head-up display និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៊ីញជាដើម។

រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនី១ ផ្តល់កម្លាំង ១៥៦ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ជាមួយនឹងរបៀបបើកបរ Eco, Normal, Sport និង Brake។ ជាមួយគ្នានេះ រថយន្ត Peugeot E-308 និង E-308 SW នឹងមានទំហំ ៥៤ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយជាង ៤០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រការសាកកម្លាំង ១០០ គីឡូវ៉ាត់អាចសាក ២០% ទៅ ៨០% ក្នុងរយៈពេល ២៥ នាទី។

ខណៈពេលដែល Peugeot មិនទាន់បានបញ្ជាក់ពីតម្លៃជាក់លាក់នៃទីផ្សារ និងព័ត៌មានលម្អិតអំពីភាពអាចរកបានសម្រាប់ E-308 និង E-308 SW ក្រុមហ៊ុននិយាយថាអតិថិជននៅក្នុងទីផ្សារមួយចំនួននឹងអាចទិញបានតាមរយៈគេហទំព័រលក់អនឡាញថ្មីរបស់ម៉ាកនេះ។ ម៉ូដែលទាំងពីរនេះក៏ដំណើរការជាមួយកម្មវិធីទូរស័ព្ទស្មាតហ្វូន MyPeugeot ដែលអាចកំណត់ពេលសាកថ្មពីចម្ងាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម