
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ត្រៀមធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Honda P7 ប្រភេទ Crossover នៅថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២៥ សម្រាប់ទីផ្សារប្រទេសចិន ជាមួយតម្លៃលក់រំពឹងថាខ្ទង់ ៣០ ០០០ ដុល្លារ ។
រថយន្តនេះ ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុន Honda និង GAC នៅប្រទេសចិន ហើយក្រុមហ៊ុននឹងផ្តល់ជម្រើសម៉ូដែលប្រើម៉ូទ័រអគ្គីសនីចំនួន ១ រួមទាំងម៉ូដែលប្រើម៉ូទ័រអគ្គីសនីចំនួន ២ ផ្គួបជាមួយអាគុយទំហំ ៨៩,៩ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៦៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
បើនិយាយពីការឌីស្សាញផ្នែកខាងក្រៅ យើងឃើញថាមានភាពស្រដៀងគ្នាទៅនឹងម៉ូដែល Honda S7 ដោយបានបំពាក់ចង្កៀងមុខ-ក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រើកញ្ចក់ចំហៀងបែបកាមេរ៉ា ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប Minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំធ ១២,៨ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅដែលមានបំពាក់នៅលើរថយន្ត និងកុងទ័របង្ហាញព័ត៌មានឌីជីថល កន្លែងសាកថ្មឥតប្រើខ្សែជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing 360+ ផងដែរ ៕