ឡាន៧កៅអី Honda BR-V ជំនាន់ថ្មីប្រកាសចេញជាផ្លូវការ

Honda បានបង្ហាញចេញរូបរាងរថយន្ត BR-V ជំនាន់ទីពីរ ជាផ្លូវការនៅប្រទេសឥណ្ឌូណេស៊ី ដែលរូបរាងនេះធ្លាប់បានបង្ហើបចេញតាមរយៈរថយន្ត N7X Concept កាលពីដើមឆ្នាំកន្លងទៅ។

រថយន្ត SUV ថ្មីរបស់ Honda បានផលិតឡើងដើម្បីផ្ដល់នូវផាសុកភាពផ្នែកខាងក្នុង ដោយមានបំពាក់កៅអីអង្គុយចំនួន៣ជួរ មានការរៀបចំកៅអីចំនួន៧កៅអី ហើយមានពាំនាំនូវបច្ចេកវិទ្យាទំនើបជាងមុនផងដែរ បើប្រៀបនឹងរថយន្តជំនាន់ដំបូង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda មិនបានបង្ហាញរូបភាពខាងក្នុងនៃរថយន្តនោះទេ ប៉ុន្តែបានឲ្យដឹងថាវាមានកុងទ័រឌីជីថលទំហំ ៤,២អ៊ីញ រួមជាមួយអេក្រង់កម្សាន្តទំហំ ៧អ៊ីញជាប្រភេទ Touchscreen។ នៅខាងក្នុងរថយន្តក៏មាននូវឃ្លុបដាក់ឥវ៉ាន់ជាច្រើនកន្លែង, មានរន្ធសាកថ្មនៅខាងក្រោយកៅអីអង្គុយ និងកន្លែងដាក់ដបទឹកចំនួនពីរ។

ចំណែកផ្នែកម៉ាស៊ីនវិញ គឺជាម៉ាស៊ីនចំណុះ ១,៥លីត្រ ប្រភេទ i-VTEC ដែលអាចផលិតកម្លាំងបាន ១១៩សេះ ភ្ជាប់នឹងប្រអប់លេខ CVT ថ្មីដែលមានសមត្ថភាពសន្សំសំចៃប្រេងបានប្រសើរជាងមុន។

Honda មិនបានបញ្ចេញតម្លៃលក់នៅឡើយទេ ប៉ុន្តែរំពឹងថារថយន្ត BR-V ថ្មីនឹងមានតម្លៃប្រហាក់ប្រហែលរថយន្តស៊េរីចាស់ ដែលមានដាក់លក់តម្លៃចាប់ពីប្រមាណ ១៦ ៨១១ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម