ក្រោយពីបានបង្ហាញចេញលក្ខណៈសម្បត្តិនៃរថយន្ត Flying Spur ដែលប្រើប្រាស់ម៉ាស៊ីន៨ កាលពីខែមុនរួចមក នាពេលនេះ Bentley បានប្រកាសថាការផលិត និងការដឹកជញ្ជូននៃរថយន្តកំពុងតែប្រព្រឹត្តទៅហើយ។
រថយន្ត Flying Spur ប្រភេទម៉ាស៊ីន៨ គឺមានទម្ងន់ស្រាលជាងប្រភេទម៉ាស៊ីន១២ ចំនួន ១០០គីឡូក្រាម ដែលធ្វើឲ្យវាមានភាពរហ័សរហួនជាងមុន។ វាមានដំណើរការដោយម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៥៤២សេះ។
រថយន្ត Flying Spur ដែលស្រាលជាងគេនេះដែរ អាចបង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ ដោយប្រើពេលត្រឹម ៤,១វិនាទី និងមានល្បឿនអតិបរមា ៣១៨គ.ម/ម៉។ ពេលចាក់ប្រេងសាំងមួយពេញ វាអាចបើកបរបានចម្ងាយ ៧០៩គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេងជាមធ្យម ១២,៧លីត្រ/១០០គ.ម៕