Bentley បង្ហាញរូបរាង Flying Spur ឆ្នាំ ២០២០ ជាផ្លូវការ រឹតតែប្រណីត

ក្រុមហ៊ុន Bentley បានបង្ហាញរថយន្ត Sedan កំពូលប្រណីតម៉ូដែលថ្មីរបស់ខ្លួន គឺ Flying Spur ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ។

រថយន្ត Bentley Flying Spur ជំនាន់ទី ៣ នេះ មានប្រវែងវែងជាងម៉ូដែលមុនបន្តិច ហើយប្រវែងពីកង់មុខទៅកង់ក្រោយរបស់វា ត្រូវបានពង្រីក ១៣ សង់ទីម៉ែត្រ ដើម្បីផ្តល់កន្លែងដាក់ជើងកាន់តែធំទូលាយសម្រាប់អ្នកដំណើរខាងក្រោយ ។

បើក្រឡេកមើលតែមួយភ្លែត នោះអ្នកប្រាកដជាយល់ថា Flying Spur ថ្មីនេះមានរូបរាងស្រដៀងស៊េរីមុន ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តអង់គ្លេសខាងលើ បញ្ជាក់យ៉ាងច្បាស់ថា វាជាការរចនាជំនាន់ថ្មីដ៏ថ្មីស្រឡាងតែម្តង ។ ការរចនាម៉ូដខាងក្រៅរបស់វារឹតតែរលើបរលោង , អង្គអាច និង ស្រស់ស្អាតជាងមុន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ Flying Spur ២០២០ បំពាក់ចង្កៀងប្រភេទ LED Matrix ជាមួយនឹងការរំលេចរចនាបទគ្រីសស្តាល់ ព្រមទាំងអក្សរ “B” ខាងក្នុងនោះផងដែរ ។ លើសពីនេះទៅទៀត វាបំពាក់យ៉ាន់ទំហំ ២១ អ៊ីងមកស្តង់ដារតែម្តង ប៉ុន្តែក៏មានជម្រើសយ៉ាន់ទំហំ ២២ អ៊ីង ដែលធំបំផុតមិនធ្លាប់មានពីមុនមក លើម៉ូដែល Flying Spur នេះ ។

ក្រុមហ៊ុន Bentley បានឱ្យដឹងថា ពណ៌តួខ្លួនផ្នែកខាងក្រៅស្តង់ដាររបស់វា ឥឡូវនេះមានរហូតដល់ទៅ ១៧ ជម្រើសឯណោះ ។ អ្នកក៏អាចជ្រើសរើសប៉ាណាខាងក្រោមផ្នែកខាងមុខរថយន្តពណ៌ខ្មៅ ឬ ក្រូមេផងដែរ ។

ផ្នែកខាងក្នុងរបស់ Flying Spur បានបំពាក់គ្រឿងបរិក្ខាធ្វើឡើងដោយដៃ ហើយកៅអីរបស់វាមានរហូតដល់ទៅ ១៥ ពណ៌ ព្រមទាំងអេក្រង់ Touchscreen ទំហំ ១២,៣ អ៊ីង ដែលលាក់ចូលទៅក្នុងតាប្លូវិញ ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ ។ វាបំពាក់ឧបករណ៍បំពងសំឡេង ១០ គ្រាប់ តែអាច Upgrade ដាក់ប្រព័ន្ធសំឡេង Bang & Olufsen ១៦ គ្រាប់ កម្លាំង ១ ៥០០ វ៉ាត់ ឬ ប្រព័ន្ធសំឡេង Naim ១៩ គ្រាប់ កម្លាំង ២ ២០០ វ៉ាត់ ។

សូមបញ្ជាក់ថា រថយន្ត Bentley Flying Spur ជំនាន់ថ្មីនេះ ប្រើម៉ាស៊ីនសាំងចំណុះ ៦,០ លីត្រ Twin-turbo ទំហំ ១២ ស៊ីឡាំង (W12) មានកម្លាំង ៦២៦ សេះ ហើយប្រើប្រព័ន្ធបើកបរប៉ុងពីរ AWD តាមរយៈប្រអប់លេខអូតូ ប្រភេទ Dual-clutch ៨ វគ្គ ។ Flying Spur អាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៨ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ៣៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង ។

Bentley មិនទាន់បានបញ្ចេញតម្លៃលក់ផ្លូវការឡើយ ប៉ុន្តែការបញ្ជាទិញនឹងបើកដំណើរការនៅខែកញ្ញា ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម