[ទីផ្សារបរទេស] រថយន្ត Chevrolet Corvette Z06 ស៊េរីឆ្នាំ២០២៣ មួយគ្រឿងដំបូងគេដែលមានលេខតួ VIN 001 បានដាក់លក់ដេញថ្លៃបានតម្លៃរហូតដល់ ៣,៦លានដុល្លារ ក្នុងកម្មវិធីដេញថ្លៃ Barrett-Jackson Scottsdale។
នេះជាតម្លៃដ៏មហាសាលមួយដែលរថយន្តអាចទទួលបាន បើធៀបនឹងតម្លៃដែលរំពឹងថាមានដាក់លក់មិនដល់ ១០ម៉ឺនដុល្លារ លើទីផ្សារបរទេស ប៉ុន្តែប្រាក់ចំណូលដែលបានពីការដេញថ្លៃនេះនឹងត្រូវបរិច្ចាគទៅដល់អំពើសប្បុរសធម៌ដែលគាំទ្រដល់ក្រុមគ្រួសារទាហានអាមេរិក។
គួរដឹងថាអ្នកដែលដេញថ្លៃបានសម្រេចនៃរថយន្តនេះ គឺលោក Rick Hendrick ដែលលោកក៏ជាអ្នកដែលបានទិញយករថយន្ត Chevrolet Corvette មួយគ្រឿងដំបូងគេកាលពីឆ្នាំ២០២០កន្លងទៅ ក្នុងតម្លៃ ៣លានដុល្លារ។
រថយន្ត Chevrolet Corvette Z06 ស៊េរីថ្មីនេះមានបំពាក់ម៉ាស៊ីន ៥,៥លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបានរហូតដល់ ៦៧០សេះ និងមានកម្លាំងបង្វិល ៦២៣ញ៉ូវតុនម៉ែត្រ៕