រថយន្តអគ្គិសនីថ្មីបំផុតរបស់ក្រុមហ៊ុន Kia គឺ Kia EV4 ត្រូវបានប្រទះឃើញកំពុងតេស្តសាកល្បងនៅក្រៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងប្រទេសកូរ៉េ មុនពេលសម្ពោធចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ ខណៈការផលិតរថយន្តនេះនឹងចាប់ផ្តើមនៅក្នុងខែមិនា។
បើយោងតាមរូបភាពដែលបានបង្ហាញគឺ Kia EV4 នឹងមានការរចនាបែបអនាគត ជាមួយរូបរាងស្ព័រ ប៉ុន្តែនៅតែរក្សាការរចនាប៉ាណា “Tiger Nose” ដដែល។
ក្នុងនោះ រថយន្តនេះ នឹងត្រូវបានបង្កើតឡើងលើគ្រោងឆ្អឹង E-GMP របស់ Hyundai ដែលប្រើប្រាស់នៅលើរថយន្តអគ្គិសនីជាច្រើនដូចជា Kia EV6 និង Hyundai Ioniq 5។ ចំពោះគ្រោងឆ្អឹងនេះផ្តល់នូវគុណសម្បត្តិដល់ Kia EV4 ជាច្រើនមានដូចជា មានប្រវែងគម្លាតកង់មុខ-ក្រោយវែងជាងមុខ និងមានការរចនាផ្នែកខាងក្នុងធំទូលាយជាងមុនជាដើម។
លើសពីនេះ រថយន្ត EV4 នឹងបំពាក់បច្ចេកវិទ្យាថ្មីបំផុត មានដូចជាប្រព័ន្ធព័ត៌មានកម្សាន្ត ccNC (Connected Car Navigation Cockpit) ដែលរួមបញ្ជូលជាមួយអេក្រង់ទំហំ ១២,៣ អ៊ីញ ចំនួន២ និងបំពាក់ប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (ADAS) ដែលអាចបង្កើនសុវត្ថិភាព និងភាពងាយស្រួលសម្រាប់អ្នកបើកបរថែមទៀតផង។
គួរឲដឹងថា ក្រុមហ៊ុន Kia បានបញ្ជាក់ថា EV4 នឹងចេញលក់នៅលើទីផ្សារជាសកល បន្ទាប់ពីប្រកាសចេញជាផ្លូវការនៅក្នុងទីផ្សារក្នុងស្រុករួច ជាមួយតម្លៃលក់រំពឹងប្រហែលចាប់ពី ២៨ ៨១០ ដុល្លារ ដល់ ៣៧ ០០០ ដុល្លារ៕