ក្រុមហ៊ុនជំនាញលេងរថយន្តឈ្មោះថា Hennessey Performance បានបង្ហាញចេញនូវកញ្ចប់កែច្នៃពិសេសសម្រាប់រថយន្តភីកអាប់ Ford F-150 ស៊េរីឆ្នាំ ២០២១ ដែលមានឈ្មោះថា Venom 800។
កញ្ចប់ Venom 800 បានបំពាក់លើរថយន្ត F-150 Paltinum Edition Super Crew ដែលជាមួយកញ្ចប់នេះគេមានប្រព័ន្ធ Supercharged ចំណុះ ៣,០លីត្រ មួយទៀត ពីលើម៉ាស៊ីន ៥,០លីត្រ ៨ស៊ីឡាំងរបស់រថយន្ត Ford F-150។ ជាលទ្ធផលរថយន្ត Venom 800 នេះអាចផលិតកម្លាំងបានដល់ ៨០៥សេះ ដែលខ្លាំងជាងម៉ាស៊ីន Hellcat របស់រថយន្ត Ram TRX ស៊េរីឆ្នាំ ២០២១។
ប្រព័ន្ធម៉ាស៊ីនដែលកែច្នៃថ្មីអាចឲ្យរថយន្តស្ទុះពី ០-៩៦គ.ម/ម៉ ដោយប្រើពេលត្រឹម ៣,៦វិនាទី និងអាចបើកបរចម្ងាយ ៤០០ម៉ែត្រ ដោយប្រើពេលត្រឹម ១១,៩វិនាទីប៉ុណ្ណោះ។
ក្រៅពីកែច្នៃលើម៉ាស៊ីនហើយនោះ Hennessey Performance ក៏បានផ្លាស់ប្ដូរមុខមាត់រថយន្ត Ford F-150 ដោយបន្ថែមនូវប្រព័ន្ធបូម Off-Road កាន់តែពិសេសលើសមុន, ផ្លាស់ការតុបតែងកាងខាងមុខដោយបន្ថែមនូវភ្លើង LED និងបំពាក់នូវយ៉ាន់ទំហំ២០អ៊ីញ ស្រោបដោយសម្បកកង់ Off-Road ទំហំ ៣៥អ៊ីញ។
គួរដឹងដែរថាកញ្ចប់ Venom 800 នេះគឺមានតម្លៃ ១៤៩ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕