រថយន្ត Ford Fusion បានក្ស័យសង្ខារជាផ្លូវការ ដោយមួយគ្រឿងចុងក្រោយនៃរថយន្ត Sedan នេះបានរំកិលចេញរោងចក្រកាលពីប៉ុន្មានខែមុននេះឯង។ យ៉ាងណាក្ដី Ford ទំនងជាបានផ្ដល់កំណើតថ្មីដល់រថយន្ត Fusion នេះ ក្នុងរូបរាងជារថយន្តតួខ្ពស់វិញម្ដង។
តាមរយៈវិបសាយ Cochespias.net គេបានឃើញនូវរូបរាងគំរូនៃរថយន្ត Fusion ដែលចាប់កំណើតថ្មី។ រូបភាពមិនបានបង្ហាញអំពីរថយន្តទាំងស្រុងនោះទេ ប៉ុន្តែគេបានឃើញច្បាស់អំពីតួខ្លួនរបស់វា ហើយអ្វីដែលជាចំណុចចាប់អារម្មណ៍គឺនៅផ្នែកខាងក្នុង។
នៅផ្នែកខាងក្នុងមានអេក្រង់ទំហំធំដែលនៅពេញមួយតាបឡូរថយន្តតែម្ដង ដែលការឌីហ្សាញនេះស្រដៀងនឹង Mercedes-Benz ដែរ។ បច្ចុប្បន្ន ប្រព័ន្ធ SYNC របស់ Ford គឺមានតែជាប្រភេទដូចជា Tablet ប៉ុណ្ណោះ មិនទាន់មានការឌីហ្សាញដូចដែលឃើញលើរថយន្ត Fusion ថ្មីនេះទេ។
រថយន្ត Fusion ប្រភេទតួខ្ពស់នេះ នឹងមានដាក់លក់ជាលក្ខណៈសកលលោកដូចជារថយន្តប្រភេទ Sedan ដែរ ដោយរំពឹងថានឹងមានលក់នៅសហរដ្ឋអាមេរិក អឺរ៉ុប និងចិន។ គេរំពឹងថារថយន្តថ្មីនេះនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ ២០២២ និងដាក់លក់ជាម៉ូដែលឆ្នាំ ២០២៣៕