[ទីផ្សារបរទេស] ការចុះផ្សាយរបស់ CarBuzz កាលពីថ្មីៗនេះ បានឲ្យដឹងអំពីឈ្មោះរថយន្តអគ្គិសនីថ្មីរបស់ Ford ដោយគេអាចដឹងតាមរយៈការចុះកម្មសិទ្ធិបញ្ញានៃឈ្មោះរថយន្តពីសំណាក់ក្រុមហ៊ុន Ford ជាមួយការិយាល័យកម្មសិទ្ធិបញ្ញានៃសហភាពអឺរ៉ុប។
ឈ្មោះរថយន្តអគ្គិសនីថ្មីរបស់ Ford ហាក់បានដើរបានគន្លងរថយន្ត F-150 Lightning ដោយក្នុងនោះគេឃើញមានការស្នើសុំឈ្មោះ Ranger Lightning និងឈ្មោះ Maverick Lightning ដោយមួយគឺជាប្រភេទអគ្គិសនីនៃរថយន្ត Ranger និងមួយទៀតគឺសម្រាប់រថយន្ត Maverick។
កន្លងមកគេធ្លាប់បានដឹងរួចមកហើយថារថយន្ត Ranger និង Maverick គឺអាចនឹងមានជាប្រភេទអគ្គិសនី ប៉ុន្តែនេះគឺជាលើកដំបូងដែលគេបានឃើញឈ្មោះរថយន្តទាំងពីរ។
តាមការលើកឡើងរបស់នាយកប្រតិបត្តិ Ford អំឡុងពេលប្រកាសចេញរថយន្ត F-150 Lightning លោកបានឲ្យដឹងថា Ford កំពុងតែធ្វើតេស្តរថយន្តភីកអាប់អគ្គិសនីមួយទៀតដែលខុសពីរថយន្ត F-150 Lightning ទាំងស្រុង។ យ៉ាងណា មកទល់ពេលនេះ គេនៅមិនទាន់ទទួលបានដំណឹងបន្ថែមជុំវិញរថយន្តអគ្គិសនីថ្មីរបស់ Ford នៅឡើយទេ៕