វិបសាយ Ford Authority បានអះអាងថារថយន្ត Ranger Raptor ស៊េរីឆ្នាំ២០២៣ នឹងមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ ៣,០លីត្រ ប្រភេទ EcoBoost ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គ។
ម៉ាស៊ីនប្រភេទនេះគឺដូចគ្នានឹងម៉ាស៊ីនដែលបំពាក់លើរថយន្ត Ford Explorer ST និងរថយន្ត Lincoln Aviator ប្រភេទធម្មតាអ៊ីចឹងដែរ។ ម៉ាស៊ីននេះអាចផលិតកម្លាំងបាន ៤០០សេះ សម្រាប់រថយន្ត Ford Explorer ST។
ចំពោះរថយន្ត Ranger Raptor នាពេលបច្ចុប្បន្នគឺមានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០លីត្រ ប្រភេទ EcoBlue ជាម៉ាស៊ីន ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ២៦៩សេះ។
ក្រៅពីបំពាក់ម៉ាស៊ីនដែលមានកម្លាំងខ្លាំងជាងមុនហើយនោះ Ranger Raptor ជំនាន់ថ្មីក៏នឹងបំពាក់ម៉ាស៊ីនប្រភេទ Plug-in Hybrid ដែលអាចផលិតកម្លាំង ៣៦២សេះ។
បន្ថែមពីនេះរថយន្តជំនាន់ថ្មីក៏នឹងមានបំពាក់ប្រព័ន្ធបូម FOX, រ៉ឺស័រប្រភេទ Coil Spring នៅផ្នែកខាងក្រោយ និងការអភិវឌ្ឍន៍តួខ្លួនដទៃទៀត។ ក្រៅពីនេះហើយក៏រំពឹងថាវាមានប្រើប្រាស់ការឌីហ្សាញរបស់រថយន្ត Ford F-150 Raptor ស៊េរីឆ្នាំ ២០២២៕