[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បានបង្ហាញចេញតម្លៃរថយន្ត Kia Soul ស៊េរីឆ្នាំ២០២៣ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលមានតម្លៃត្រឹមចាប់ពី ១៩ ៧៩០ដុល្លារ ពេលដែលរថយន្តនេះចេញលក់នៅរដូវក្ដៅ។
តម្លៃនេះថ្លៃជាងស៊េរីឆ្នាំ២០២២ ចំនួន ៥០០ដុល្លារ ប៉ុន្តែស៊េរីឆ្នាំ២០២៣នេះ មានផ្នែកខាងមុខដែលទាក់ទាញជាងមុន, មានអំពូលភ្លើងថ្មី និងមានរន្ធស្រូបខ្យល់ដែលស្រស់ស្អាតជាងមុនផងដែរ ហើយផ្នែកខាងក្រោយក៏មានការដុសខាត់បន្តិចបន្តួចផងដែរ។
សម្រាប់គ្រឿងបរិក្ខារវិញ រថយន្តតម្លៃធូរថ្លៃជាងគេគឺលំដាប់ Soul LX មានបំពាក់កញ្ចក់ខាងក្រោយពណ៌ខ្មៅការពារភាពឯកជន, មានយ៉ាន់កង់ទំហំ ១៦អ៉ីញ, មានកុងទ័រប្រភេទឌីជីថល ហើយមានអេក្រង់កម្សាន្តទំហំ ៨អ៉ីញ ដែលគាំទ្រមុខងារ Android Auto ជាមួយ Apple CarPlay។
លើផ្នែកសុវត្ថិភាពវិញ មានមុខងារមួយចំនួនមានមកជាស្តង់ដារតែម្ដង ដូចជាមុខងារ Forward Collision Avoidance with Pedestrian Detection, Lane Keep Assist និង Rear Occupant Alert ជាដើម។
ជុំវិញម៉ាស៊ីនវិញ គ្រប់កម្រិតទាំងអស់នៃរថយន្ត Soul ស៊េរីឆ្នាំ២០២៣ គឺមានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៤៧សេះ ហើយវាមានភ្ជាប់ជាមួយប្រអប់លេខវៃឆ្លាតដែលផ្ដល់ថាមពលផ្ដាច់មុខទៅកង់ខាងមុខ៕