[ទីផ្សារបរទេស] ក្រុមហ៊ុន Koenigsegg បានប្រកាសឲ្យដឹងថាក្រោយពីរថយន្ត CC850 បង្ហាញវត្តមានបានរយៈពេល៥ថ្ងៃ រថយន្តដែលគ្រោងផលិតត្រឹម៥០គ្រឿងនេះបានលក់ដាច់អស់គ្មានសល់ ហើយពេលនេះដែរក្រុមហ៊ុនបានសម្រេចថាផលិតបន្ថែម ២០គ្រឿងទៀត ដើម្បីបំពេញតម្រូវការ។
ក្រុមហ៊ុន Koenigsegg បានឲ្យដឹងថាមុនសម្រេចចិត្តបង្កើនចំនួនផលិត ខ្លួនបានសាកសួរយោបល់អតិថិជនចាស់ៗរបស់ខ្លួនអំពីការបង្កើនចំនួនផលិតដល់ ៧០គ្រឿង ដែលទទួលបានការឆ្លើយតបវិជ្ជមាន។
ចំនួន ២០គ្រឿងបន្ថែមនេះដែរ ត្រូវបានជ្រើសរើសដើម្បីអបអរសាទរដល់ខួបទី២០ឆ្នាំនៃការបង្កើតក្រុមហ៊ុន Koenigsegg ខណៈដែលតួលេខ ៥០គ្រឿងដំបូង ត្រូវបានជ្រើសរើសយកដើម្បីអបអរសាទរដល់ខួបកំណើតទី៥០ឆ្នាំរបស់លោក Christian von Koenigsegg ដែលជានាយកប្រតិបត្តិក្រុមហ៊ុន។
គួរដឹងថា CC850 ជារថយន្តផលិតផ្អែកលើរថយន្ត Jesko ដែលមានបំពាក់ប្រអប់លេខដៃប្លែកគេ ភ្ជាប់ជាមួយម៉ាស៊ីនកម្លាំង ១៣៨៥សេះ ហើយរថយន្តនេះមានទម្ងន់ត្រឹម ១៣៨៥គីឡូក្រាម ដែលអាចឲ្យវាស្ទុះខ្លាំងបំផុត៕