[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានចេញបញ្ជាក់ថារថយន្ត RX ជំនាន់ថ្មី នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី០១ ខែមិថុនា ដោយក្រុមហ៊ុនក៏បានចេញផ្សាយរូបភាព Teaser ដំបូងនៃរថយន្ត និងបាននិយាយថារថយន្តនេះបានឆ្លងកាត់ការផ្លាស់ប្ដូរថ្មីទាំងស្រុង។
រូបភាព Teaser បានឲ្យតម្រុយពីផ្នែកខាងមុខនៃរថយន្ត ដែលមានប្រើប្រាស់រចនាបថចុងក្រោយរបស់ Lexus ដែលវាមានការឌីហ្សាញស្រដៀងទៅនឹងរថយន្ត Lexus NX ជំនាន់ថ្មីដែរ។ បន្ថែមពីនេះអំពូល LED មានរាងស្លីមជាងមុន ខណៈដែលរន្ធខ្យល់មានរូបរាងបែបស្ព័រជាងមុន។
នៅផ្នែកខាងក្នុងគេរំពឹងថា RX ជំនាន់ថ្មី នឹងប្រើប្រាស់ប្រព័ន្ធ Infotainment ថ្មីចុងក្រោយរបស់ Lexus ដែលមានអេក្រង់ទំហំ ១២,៣អ៊ីញ ដូចដែលបានឃើញលើរថយន្ត Lexus NX និងរថយន្ត UX ដែលទើបអាប់ដេតថ្មី។ ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 2.5 ADAS ក៏រំពឹងថាមានបំពាក់មកជាស្តង់ដារផងដែរ។
រំលឹកថារថយន្ត Lexus RX ដែលលក់លើទីផ្សារបច្ចុប្បន្នគឺជាជំនាន់ទីបួន ដែលបានបង្ហាញវត្តមានដំបូងតាំងពីឆ្នាំ២០១៥ និងទទួលបានការកែមុខតិចតួចនៅក្នុងឆ្នាំ២០១៩ ហើយក៏បានឆ្លងកាត់ការដុសខាត់សម្រាប់ម៉ូដែលឆ្នាំនីមួយៗផងដែរ៕