ឡាន Supercar ថ្មីចុងក្រោយរបស់ Ferrari បង្ហាញខ្លួនជាផ្លូវការនៅប្រទេសក្នុងតំបន់អាស៊ីមួយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Supercar របស់ប្រទេសអ៊ីតាលី Ferrari បាន​ធ្វើការដាក់បង្ហាញចេញ​ជា​ផ្លូវ​ការនៅរថយន្ត Ferrari 12Cilindri នៅក្នុងប្រទេស​កូរ៉េខាងត្បូងដែល​ជា​ប្រទេស​អាស៊ី​ដំបូង​គេ​ក្នុង​​ការដាក់​បង្ហាញ ដែលមានតម្លៃលក់ប្រហែលខ្ទង់ ៤២៤ ០០០ ដុល្លារ ដល់ ៤៦៧ ០០០ ដុល្លារ ។

Ferrari 12Cilindri ដំណើរការដោយម៉ាស៊ីន V12 ចំណុះ ៦,៥លីត្រ អាចផលិតកម្លាំងបាន ៨៣០ សេះ និងកម្លាំងរមួល ៦៧៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ Dual-clutch ៨វគ្ក ប្រភេទបើកបរប៉ុង ១ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោងប្រើរយៈពេល ២,៩វិនាទី និងមាន Top Speed ៣៤០ គីឡូម៉ែត្រ/ម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ រថយន្តនេះត្រូវបានយកលំនាំចេញពីរថយន្ត Ferrari 365 GTB/4 Daytona ប្រភេទ grand tourer ឆ្នាំ ១៩៦៨-១៩៧៣ ចំណុចលេចធ្លោគឺកម្របម៉ាស៊ីនបែប clamshell monolithic បើកបញ្ច្រាស ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញស្រោបដោយសំបកកង់ប្រភេទ Michelin Pilot Sport S 5 ជាមួយដុំហ្វ្រាំង Brembo Calipers និងហ្រ្វាំងឌីស Carbon-ceramic ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងយកលំនាំចេញពីរថយន្ត Ferrari Purosangue lines ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១៥,៦ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រួមទាំងអេក្រង់កំសាន្តសម្រាប់អ្នកដំណើរខាងមុខទំហំ ៨,៨ អ៉ីញផងដែរ ។ លើសពីនេះ អាចផ្ទុកបានដល់ ២៧០លីត្រនៅឃ្លុបក្រោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម