ក្រុមហ៊ុន Honda ទើបតែបានបង្ហាញរថយន្ត SUV ប្រើថាមពលអគ្គិសនីសុទ្ធ ម៉ូដែល Everus VE-1 ដែលផលិតលក់ផ្តាច់មុខតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។
រថយន្ត Everus VE-1 ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Honda សហការណ៍ជាមួយនឹងក្រុមហ៊ុនចិន Guangzhou Automobile Group ដែលត្រូវបានដាក់បង្ហាញជា Concept រថយន្តកាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណា VE-1 បានបំពាក់ចង្កៀងមុខរាងស្លីម ជាមួយនឹងភ្លើងដឺមី LED បញ្ឈរ ព្រមទាំងប៉ាណាយ៉ាងអង់អាចគួរឲ្យទាក់ទាញ។
សូមបញ្ជាក់ថា SUV ប្រើថាមពលអគ្គិសនីនេះ បានប្រើប្រាស់គ្រោងឆ្អឹងដូចទៅនឹងរថយន្ត Honda HR-V ដែរ។ វាបំពាក់ម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបាន ១៦១ សេះ បញ្ជូនកម្លាំងទៅកង់ខាងមុខ (ប៉ុងមួយ) និងប្រើអាគុយប្រភេទ lithium-ion កម្លាំង ៥៣,៦ គីឡូវ៉ាត់ម៉ោង។
ក្រុមហ៊ុន Honda អះអាងថា VE-1 អាចធ្វើដំណើរបានរហូតដល់ចម្ងាយ ៣៤០ គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ អ្នកបើកបរអាចជ្រើសរើសម៉ូដបើកបរចំនួន ៣ គឺ ធម្មតា (Normal), Sport និង សន្សំសំចៃ (Battery Saver)។ Everus VE-1 ត្រូវបានដាក់លក់នៅប្រទេសចិន ក្នុងតម្លៃ ១៧០ ៨០០ យ័ន ឬស្មើនឹង ២៤ ៦០០ ដុល្លារ៕