អីយ៉ាស់! Toyota Hilux នឹងមានជម្រើសម៉ាស៊ីនកូនកាត់ប្រភេទម៉ាស៊ូតមកជាមួយ

[ប្រទេសអូស្រ្តាលី] ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្រ្តាលីបានធ្វើការបញ្ជាក់ជាផ្លូវការថា រថយន្តភីកអាប់ Hilux ជំនាន់បច្ចុប្បន្ននឹងទទួលបាននូវជម្រើសម៉ាស៊ីនកូនកាត់នៅឆមាសទី១ ឆ្នាំ២០២៤ ដែលវានឹងត្រូវផលិតឡើងនៅលើម៉ាស៊ីនម៉ាស៊ូត(turbodiesel) ដែលមានស្រាប់។

ដោយម៉ាស៊ីន ២,៨លីត្រ ៤ស៊ីឡាំង turbodiesel នឹងត្រូវបានអភិវឌ្ឍន៍ជាមួយប្រព័ន្ធ Mild-hybrid ៤៨វ៉ុល ដែលវានឹងជួយកាត់បន្ថយដល់កម្រិតនៃការស៊ីម៉ាស៊ូត ១០ភាគរយ។ ហើយប្រព័ន្ធ turbodiesel នឹងធ្វើការរួមគ្នាជាមួយម៉ូទ័រអគ្គិសនី និងអាគុយ ៤៨វ៉ុល ខណ:ថាមពលត្រូវបានបញ្ជូនទាំងកាន់កង់តាមរយ:ប្រអប់លេខ ៦វគ្គដោយស្វ័យប្រវត្តិ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាពេលនេះ Toyota ពុំទាន់បានធ្វើការបង្ហាញចេញនូវព័ត៌មានលម្អិតនៅឡើយនោះទេ ប៉ុន្តែបានសន្យាថានឹងធ្វើអោយប្រសើរឡើងនូវថាមពលនៃការបើកបរទាំងលើផ្លូវមិនលំបាក និងផ្លូវលំបាក ដែលមានន័យទៅលើផ្លូវ On-road និង Off-road ជាមួយការអោយតម្រុយទាក់ទងទៅនឹងការបង្កើននូវទិន្នផលនៃកម្លាំងសេះ និងកម្លាំងរមួល។ បន្ថែមពីនេះវានឹងជួយកាត់បន្ថយសម្លេងរំខាន, ភាពញ័រ និងភាពរឹង។

សម្រាប់ទីផ្សារអូស្រ្តាលី ម៉ាស៊ីនកូនកាត់ដែលជាជម្រើសថ្មីនេះ នឹងមានស្តង់ដារនៅលើម៉ូឌែល 4×4 SR5 និង Rogue Double Cab ឬ 4×4 SR Double Cab។ ជាមួយការបញ្ជាក់ផ្លូវការនេះ គេរំពឹងថាជម្រើសម៉ាស៊ីនថ្មីនឹងអាចមានវត្តមាននៅនៅលើទីផ្សារដទៃទៀតនៅក្នុងតំបន់អាស៊ាន និងតំបន់អាហ្រិ្វច។

គួររំលឹកផងដែរថា Toyota Hilux ជំនាន់ទី៨ ដែលជាជំនាន់បច្ចុប្បន្នគឺត្រូវបានបង្ហាញខ្លួនដំបូងនៅក្នុងឆ្នាំ ២០១៥ ជាមួយនឹងការអាប់ដេតសំខាន់ៗ២ដងរួចមកហើយដោយនៅក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០២០។ ហើយក៏មានពាក្យចចាមអារ៉ាមអំពីជំនាន់ថ្មី វាអាចត្រៀម​ខ្លួន​បង្ហាញក្នុង​ឆ្នាំ ២០២៥ ដែលនឹងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម