អុញនោះ! មេធំ BYD បាន​បង្ហើប​ថា បច្ចុប្បន្ន​ពិភពលោក​នៅសល់​ប្រេង​ប្រើបានតែ ៥០ ឆ្នាំ​ទៀត​ប៉ុណ្ណោះ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមគេហទំព័រ IT Home របស់ប្រទេសចិនបានបង្ហើបថា លោក Wang Chuanfu ដែលជាមហាសេដ្ឋី និងជាប្រធានក្រុមហ៊ុនផលិតរថយន្ត BYD បាននិយាយនៅក្នុងសន្និសីទ ESG Global Leaders Conference 2023 ជាមួយនឹងផ្នែកមួយបញ្ជាក់ថា៖ ប្រសិនបើពិភពលោករបស់យើងនៅតែបន្តប្រើប្រាស់ថាមពលក្នុងអត្រាប្រើប្រាស់ដូចទៅនឹងបច្ចុប្បន្នដែលបានប្រើប្រាស់ នោះប្រេងនៅសល់តែ ៥០ ឆ្នាំទៀតប៉ុណ្ណោះដែលអាចប្រើប្រាស់បាន ចំណែកធ្យូងថ្ម ដែលជាប្រភពថាមពល និងកំដៅដ៏សំខាន់ នឹងនៅមានត្រឹមតែ ២០០ ឆ្នាំទៀតប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មបានចាប់ផ្តើមកាលពី ២៦០ ឆ្នាំមុន ថាមពលហ្វូស៊ីលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វឌ្ឍនភាពនៃអរិយធម៌របស់មនុស្ស ប៉ុន្តែវាត្រូវតែមកក្នុងតម្លៃខ្ពស់ផងដែរ។ ដោយសារតែមនុស្សឥឡូវនេះបានប្រើប្រាស់ច្រើនជាងពាក់កណ្តាលនៃថាមពលហ្វូស៊ីលដែលមាននៅលើភពផែនដីនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនបើយើងត្រលប់ទៅអតីតកាលវិញ លោក Zhao Changjiang អ្នកគ្រប់គ្រងទូទៅនៃផ្នែកលក់ Denza ដែលជាម៉ាកយីហោសាខារបស់ BYD នាពេលបច្ចុប្បន្ន បាននិយាយថានៅឆ្នាំ ២០០៤ នៅពេលដែលបានដាក់គំរូរថយន្តអគ្គិសនី ET ដែលប្រើប្រាស់ម៉ូទ័រអគ្គិសនី និងអាគុយដែលមានចម្ងាយបើកបររហូតដល់ ៣៥០ គីឡូម៉ែត្រ ដោយបញ្ជាក់ថា “រថយន្តនេះ គឺជាអ្នកត្រួសត្រាយផ្លូវនៃរថយន្តអគ្គិសនីដែលនឹងត្រូវបានអភិវឌ្ឍសម្រាប់ការប្រើប្រាស់ពាណិជ្ជកម្មនាពេលអនាគត” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម