អុញ! Ford Bronco Raptor ២០២២ មិនទាន់ចេញលក់ស្រួលបួលផង គេទិញអស់បាត់

ក្រុមហ៊ុន Ford មួយរយៈចុងក្រោយនេះ ហាក់បីដូចជាត្រូវប៉ាន់ខ្លាំងជាមួយនឹងរថយន្តស៊េរីថ្មីៗរបស់ខ្លួន។ ជាក់ស្តែង រថយន្តអគ្គិសនី Ford Mustang Mach-E ត្រូវបានលក់ដាច់អស់បាត់ទៅហើយសម្រាប់ឆ្នាំ២០២២ ហើយភីកអាប់ Ford Maverick ក៏ដូច្នេះដែរ។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ Ford Bronco Raptor ឆ្នាំ២០២២ ក៏ត្រូវលក់ដាច់អស់គ្មានសល់ដែរ ទាំងដែលវាមិនទាន់ចេញលក់ជាផ្លូវការស្រួលបួលផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Ford Bronco Raptor ត្រូវបានគេបញ្ជាទិញយកអស់បាត់ទៅហើយ សម្រាប់ស៊េរីឆ្នាំ២០២២។

គួររំលឹកឲ្យដឹងដែរថា កាលពីខែមេសាកន្លងទៅ រថយន្ត Ford Bronco Raptor ត្រូវគេយកទៅដាក់លក់ដេញថ្លៃបានតម្លៃរហូតដល់ទៅ ៣៥០ ០០០ដុល្លារ ហើយគេយកលុយនោះទៅបរិច្ចាគ។ តាមធម្មតា Bronco Raptor មានតម្លៃចាប់ពី ៦៨ ៥០០ដុល្លារប៉ុណ្ណោះ ពោលគឺថោកជាង F-150 Raptor ដែលមានតម្លៃចាប់ពី ៦៩ ៩០៥ដុល្លារ។

Bronco Raptor ប្រើម៉ាស៊ីន twin-turbocharged ចំណុះ ៣,០លីត្រ V6 មានកម្លាំង ៤១៨សេះ ហើយប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ។ យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា ពេលណាទើប Ford នឹងបើកឲ្យបញ្ជាទិញ Bronco Raptor ស៊េរីឆ្នាំ២០២៣ បន្តទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម