Honda បានបញ្ចេញរថយន្ត Civic ប្រភេទ Sport Line ថ្មី ស៊េរីឆ្នាំ២០២០ នៅលើទីផ្សារអឺរ៉ុប ដែលមានការរចនាកាត់តាមរថយន្ត Civic Type R មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។
ក្រៅពីមានរូបរាងទាក់ទាញ Civic Sport Line ក៏បំពាក់យ៉ាន់ Alloy ទំហំ១៧អ៊ីង, ចង្កៀងប្រភេទ Full LED និង Daytime Running Light ហើយបន្ថែមជម្រើសពណ៌តួខ្លួនពណ៌ខៀវថ្មី ហៅថា Obsidian Blue ទៀតផង។
រីឯផ្នែកខាងក្នុងវិញ វាបានបំពាក់ប្រព័ន្ធបង្ហាញព័ត៌មាន Honda Connect ជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងកាមេរ៉ាមើលក្រោយ មកស្តង់ដារតែម្តង។
ក្រៅពីនោះក៏មានប្រព័ន្ធ Honda’s Sensing ដែលរួមបញ្ចូលមុខងារដូចជា Collision Mitigation Braking System, Adaptive Cruise Control, Lane Departure Warning, Lane Keeping Assist System និង Traffic Sign Recognition មកស្តង់ដារតែម្តង។
សូមបញ្ជាក់ថា រថយន្ត Honda Civic Sport Line បំពាក់ម៉ាស៊ីនសាំងចមណុះ ១,០លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ១២៤សេះ ហើយមានទាំងជម្រើសលេខដៃ និងអូតូ ៦វគ្គ។
វានឹងចេញលក់នៅខែមករា ឆ្នាំ២០២០ ដោយមានតម្លៃចាប់ពី ៣៣ ៥៦០ដុល្លារលើទីផ្សារអឺរ៉ុប សម្រាប់ម៉ូដែលលេខដៃ និង ៣៥ ៤០៥ដុល្លារសម្រាប់ម៉ូដែលលេខអូតូ៕