អេមបាត់! Changan CS75 Plus ប្រភេទ plug-in hybrid ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងអត់ដល់ ២លីត្រ

[បរទេស] ​ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan CS75 Plus iDD ជំនាន់ទី ៣ ប្រភេទ Plug-in hybrid ដែលមានលក្ខណៈកាន់តែស្ព័រនៅឯសន្និសិទ្ធ Changan Automoble Global Partner Conference 2023 ក្នុងប្រទេសចិន។

Changan CS75 Plus iDD ជំនាន់ទី ៣ មានប្រវែងតួខ្លួនសរុប ៤ ៧០០ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១០​ ម.ម។ សម្រាប់រូបរាងរបស់ Changan CS75 PLUS iDD គឺដូចគ្នាទៅនឹងម៉ូដែលដើម ដោយមានបំពាក់ប៉ាណាមុខមួយផ្ទាំងធំឲ្យឈ្មោះថា dot-matrix grille design ចង្កៀងមុខប្រភេទ LED រាងស្លីម ។ ខណៈនៅផ្នែកចំហៀងមានបំពាក់ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ និង ១៩ អ៊ីញជាជម្រើស​ ដំបូលតុបតែងដោយក្រូម៉េ និងផ្នែកខាងក្រោយមានចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងបំពង់ស៊ីមាំងចំនួន ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងខាងក្នុងមើលទៅប្រណិតដោយកាតុបតែងជាមួយស្បែកនៅលើតាឡូ និងកៅអី ពណ៌ខៀវបន្ថែមបញ្ជាក់ពីអត្តសញ្ញាណកូនកាត់ hybrid របស់រថយន្ត អេក្រង់ទំហំ ១២,៣ អ៊ីញ ដែលមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នា ។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយដៃចង្កូតប្រភេទ three-spoke multifunction steering wheel ថ្មីផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ CS75 Plus iDD ត្រូវបានបំពាក់ដោយប្រព័ន្ធកូនកាត់ Hybrid Blue Whale ចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ៣១៤ សេះ និងអាគុយប្រភេទលីចូម ជាមួយកម្រិតស៊ីប្រេង ១០០ គីឡូត្រឹមតែ ១,៤៦ លីត្រប៉ុណ្ណោះ។ លើសពីនេះ ប្រព័ន្ធនេះគាំទ្រសាកថ្មលឿន AC និង DC ដោយអាចសាកពេញក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។

ទាក់ទងនឹងសុវត្ថិភាព បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរកម្រិត ២ ដែលរួមបញ្ចូលប្រព័ន្ធកំណត់ល្បឿនពេលបើកបរ ប្រព័ន្ធផ្តល់សញ្ញាព្រមានពីការបុកប៉ះខាងមុខ និងខាងក្រោយ កាំមេរ៉ា ៣៦០ ដឺក្រេជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម