អំឡុងពេលកូវីដ១៩ផ្ទុះខ្លាំង Tesla Model 3 ក្លាយជាឡានលក់ដាច់ជាងគេនៅអង់គ្លេស

កាល​ពី​ខែ​មេសា ទីផ្សារ​រថយន្ត​ថ្មី​នៅ​ចក្រភព​អង់គ្លេស​រង​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​បំផុត ដោយ​សារ​វិធានការ​បិទ​ខេត្ត​/ក្រុង​​ដ៏​តឹង​តែង​ព្រោះ​​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩។

តួលេខ​ចេញ​ផ្សាយ​ដោយ​សហគមន៍​យានយន្ត SMMT បាន​បង្ហាញ​ថា​ចំនួន​រថយន្ត​ថ្មី​ដែល​ចុះ​បញ្ជី​នៅ​ចក្រភព​អង់គ្លេស​ក្នុង​ខែ​មេសា​​ មាន​ត្រឹម​ ៤ ៣២១ គ្រឿង​ប៉ុណ្ណោះ។ ចំនួន​លក់​នេះ​ធ្លាក់​ចុះ​ខ្លាំង​បំផុត បើ​ធៀប​នឹង​ខែ​មេសា​ឆ្នាំ ២០១៩ ដែល​មាន​ ១៦១ ០៦៤ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួន​រថយន្ត​សាំង និង​ម៉ាស៊ូត​ថ្មី​គឺ​ធ្លាក់​ចុះ ៩៨,៥% និង ៩៧,៦%, ចំនួន​រថយន្ត Plug-in Hybrid ធ្លាក់​ចុះ ៩៥,១% និង​រថយន្ត Hybrid ធ្លាក់​ចុះ ៩៩,៣%។ ប៉ុន្តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​វិស័យ​រថយន្ត​អគ្គិសនី​មាន​លទ្ធផល​ល្អ​គួរ​សម ដែល​ធ្លាក់​ចុះ​ត្រឹម ៩,៧% ប៉ុណ្ណោះ។

តម្រូវ​ការ​រថយន្ត​អគ្គិសនី​ដែល​មិន​សូវ​ប្រែ​ប្រួល​ខ្លាំង​នេះ ធ្វើ​ឲ្យ​រថយន្ត Tesla Model 3 ក្លាយ​ជា​រថយន្ត​លក់​ដាច់​បំផុត​នៅ​ចក្រភព​អង់គ្លេស​នា​ខែ​មេសា ជា​មួយ​ចំនួន​លក់​ ៦៥៨ គ្រឿង។ រថយន្ត​លក់​ដាច់​លំដាប់​ទី​ពីរ​ក៏​ជា​រថយន្ត​អគ្គិសនី​ដែរ គឺ​ជា Jaguar I-Pace ដែល​មាន​ចំនួន​លក់ ៣៦៧ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម