អ្នកកក់ឡាន Honda HR-V នៅម៉ាឡេស៊ីត្រូវចាំ ១ឆ្នាំ ដើម្បីទទួលបានឡាន បន្ទាប់ពីទទួលបានការកក់ទុកមុន ២ម៉ឺនគ្រឿង

[ប្រទេសម៉ាឡេស៊ី] កាលពីថ្ងៃទី១៥ កក្កដា កន្លងទៅនេះ ក្រុមហ៊ុន Honda ប្រចាំប្រទេសម៉ាឡេស៊ី បានធ្វើការ សម្ភោធ និងប្រកាសបើកទទួលការកក់ទុកមុននៃរថយន្ត Honda HR-V សេរ៊ីថ្មី ដោយទទួលបាននូវការកក់ទុកមុនរហូតដល់ច្រើនជាង ២០ ០០០គ្រឿង។

ជាមួយការទទួលបាននូវការកក់ដ៏ច្រើននេះ អតិថិជនត្រូវរង់ចាំរហូតដល់ទៅ ១ឆ្នាំ ដើម្បីទទួលបាននូវរថយន្ត ក៏ដោយសារក្រុមហ៊ុនអាចផលិតបានចំនួន ១ ៦០០គ្រឿងប៉ុណ្ណោះក្នុង ១ខែ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី រថយន្ត HR-V ទទួលបាននូវជម្រើសម៉ូឌែលចំនួន ៤ប្រភេទគឺ៖

  • ម៉ូឌែល S មានតម្លៃ ២៥ ៨៩០ដុល្លារ
  • ម៉ូឌែល E មានតម្លៃ ២៩ ២៨០ដុល្លារ
  • ម៉ូឌែល V មានតម្លៃ ៣០ ៣៧៤ដុល្លារ
  • ម៉ូឌែលខ្ពស់បំផុត RS មានតម្លៃ ៣១ ៧៦៨ដុល្លារ

សម្រាប់ម៉ូឌែល S ដំណើរការដោយម៉ាស៊ីន i-VTEC ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២១សេះ និងកម្លាំងរមួល ១៤៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT និងមានល្បឿនអតិបរមា ១៨៧គ.ម/ម៉។

ចំណែកម៉ូឌែល E និង V ដំណើរការដោយម៉ាស៊ីនចំណុះ VTEC Turbo ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១សេះ និងកម្លាំងរមួល ២៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT និងមានល្បឿនអតិបរមា ២០០គ.ម/ម៉។

ព្រមទាំងម៉ូឌែលខ្ពស់បំផុត RS ដំណើរការដោយម៉ាស៊ីនកូនកាត់ហាយប្រ៊ីដ e:HEV ចំណុះ ១,៥លីត្រ ៤ស៊ីឡាំង កម្លាំង ១០៥សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ កម្លាំង ១៣១សេះ ភ្ជាប់ដោយប្រអប់លេខ e-CVT និងមានល្បឿនអតិបរមា ១៧០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម