អ្នក​ចែក​ចាយ Honda នៅទូទាំងសហរដ្ឋអាមេរិក ​អាច​នឹង​ត្រូវ​កាត់ចេញ​ពី​ភាព​ជា​ដៃ​គូ Sony Honda

[បរទេស] កាលពីពេលថ្មីៗនេះ អ្នកចែកចាយរបស់ក្រុមហ៊ុន Honda នៅទូទាំងសហរដ្ឋអាមេរិកបានសំដែងការបារម្ភថាខ្លួននឹងត្រូវកាត់ចេញពីផែនការរបស់ក្រុមហ៊ុន Honda និង Sony ក្នុងការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេស។ ដោយ ក្រុមហ៊ុនទាំង ២ បានបញ្ជាក់ថាពួកគេនឹងលក់រថយន្តអគ្គិសនីដំបូងរបស់ពួកគេនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៦ ដោយបន្ថែមថាពួកគេចង់អនុវត្តគំរូលក់តែតាមអ៊ីនធឺណិតប៉ុណ្ណោះ។

ក្នុងនោះ លោក Brian Benstock អ្នកគ្រប់គ្រងទូទៅ និងជាអនុប្រធានក្រុមហ៊ុន Paragon Honda និង Paragon Acura នៅ Queens ទីក្រុង New York បានប្រាប់គេហទំព័រ Auto News ថា “បញ្ហាទាំងនេះពិតជាមានការព្រួយបារម្ភ ប៉ុន្តែផ្លូវឆ្ពោះទៅមុខដ៏ល្អបំផុតគឺជាមួយអ្នកចែកចាយរបស់យើង” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមហ៊ុន Sony Honda Mobility លោក Mai Nagadome បាននិយាយថា ព័ត៌មានលម្អិតជាច្រើនអំពីផែនការនេះនៅតែត្រូវការបញ្ចាក់ ហើយបន្ថែមថាក្រុមហ៊ុនផលិតរថយន្តមិនបានបដិសេធលទ្ធភាពនៃការលក់តាមរយៈអ្នកចែកចាយនោះទេ ដោយកត់សម្គាល់ថាអតិថិជននឹងមានអារម្មណ៍មិនសប្បាយចិត្តដោយគ្មានដំណើរការសេវាកម្មបន្ទាប់ពីការលក់ដែលធ្លាប់ស្គាល់។

ទន្ទឹមនឹងនេះ អ្នកចែកចាយមួយចំនួននៅតែចង់ដឹងអំពីមូលហេតុដែលក្រុមហ៊ុន Honda នឹងពិចារណាធ្វើការនៅខាងក្រៅបណ្តាញលក់បច្ចុប្បន្នរបស់ខ្លួន ដែលរួមមានអ្នកចែកចាយ Honda ១ ១០០ នាក់ និង Acura ២៧០ នាក់ នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីដំបូងបង្អស់ដែលផលិតដោយ Sony Honda Mobility នឹងមានប្រព័ន្ធកម្សាន្តក្នុងរថយន្តកម្រិតខ្ពស់, កម្មវិធី cloud-based software និងសេនស័រដែលអនុញ្ញាតឲ្យបើកបរស្វ័យប្រវតិត្តកម្រិត ៣ ក្នុងស្ថានភាពជាក់លាក់ និងកម្រិត 2+ ក្នុងការបើកបរក្នុងទីក្រុង និងផ្លូវ highway។ រថយន្តនេះនឹងត្រូវបានផលិតនៅរោងចក្រថ្មីមួយកន្លែងនៅក្នុងសហរដ្ឋអាមេរិក ហើយទំនងជានឹងត្រូវនាំចេញទៅកាន់ប្រទេសជប៉ុន និងទីផ្សារអឺរ៉ុបផ្សេងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម