រយៈពេលមិនយូរប៉ុន្មានបន្ទាប់ពីការប្រកាសថា Ford ទទួលបានការបញ្ជាទិញរថយន្ត Bronco ឆ្នាំ២០២១ ដល់ទៅច្រើនជាង ១២៥ ០០០គ្រឿង ប្រធានផ្នែកយុទ្ធសាស្រ្តនៃក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ គឺ លោក Ryan McManus បានបង្ហាញថា ១៨% នៃការបញ្ជាទិញទាំងនោះ គឺជាប្រភេទលេខដៃ ៦វគ្គ។
តួលេខគួរឲ្យកត់សម្គាល់លើរថយន្ត Ford Bronco លេខដៃនេះ ក៏ដោយសារតែប្រអប់លេខដៃនេះមានតែលើរថយន្ត Bronco ដែលបំពាក់ម៉ាស៊ីនតូច គឺចំណុះ ២,៣លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ហើយគ្មានលើប្រភេទម៉ាស៊ីនធំ ចំណុះ ២,៧លីត្រ twin-turbocharged EcoBoost ទំហំ ៦ស៊ីឡាំង ឡើយ។
ទោះជាយ៉ាងណាក៏ដោយ គេសង្ស័យថា Ford ក៏នឹងទំនងជាផ្តល់ជម្រើសប្រអប់លេខដៃលើប្រភេទម៉ាស៊ីនធំដែរ ព្រោះក្រុមហ៊ុននេះសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដល់អតិថិជនរបស់ខ្លួន។ ជាក់ស្តែង កាលពីពេល Bronco ប្រកាសចេញដំបូង Ford និយាយថា ពួកគេនឹងផ្តល់ Option ដូចជា សម្បកកង់ ៣៥អ៊ីញ និង ប្រអប់លេខអូតូ ១០វគ្គ ទៀតផង៕