ឭថា Hyundai ផ្ទេរគម្រោងការផលិតឡានអគ្គិសនីរបស់ Apple ទៅឲ្យ Kia

ក្រោយពីមានការរាយការណ៍ថា Hyundai បានពិភាក្សាគ្នាជាមួយ Apple ក្នុងការផលិតរថយន្តអគ្គិសនីដែលអាចបើកបរដោយខ្លួនឯងនោះ នៅពេលនេះមានការអះអាងថាទំនួលខុសត្រូវនៃគម្រោងការនេះត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុន Kia ជំនួសវិញ។

ការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង eDaily បានអះអាងថា Kia នឹងធ្វើជាអ្នកគ្រប់គ្រងគម្រោងការ ហើយការអភិវឌ្ឍន៍និងផលិតរថយន្តអគ្គិសនីរបស់ Apple អាចនឹងធ្វើឡើងនៅរោងចក្ររបស់ Kia ដែលស្ថិតនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការចុះផ្សាយរបស់ eDaily បានដាក់ការប៉ាន់ស្មានថា Hyundai ប្រហែលជានឹងយកពេលវេលាផ្ដោតលើពង្រីក​ និងអភិវឌ្ឍន៍ម៉ាករថយន្តរបស់ខ្លួន ជាជាងផលិតរថយន្តឲ្យ Apple។ បន្ថែមពីនេះក៏មានការអះអាងថា Hyundai បានព្រួយបារម្ភថា Apple អាចនឹងធ្វើជាអ្នកគ្រប់គ្រងលើគម្រោងការរបស់ខ្លួន និងប្រើប្រាស់ Hyundai ដើម្បីធ្វើជាអ្នកផលិតឲ្យតែប៉ុណ្ណោះ។

គួរដឹងថា Apple បានបោះបង់ចោលផែនការបង្កើតរថយន្តកាលពីឆ្នាំ ២០១៦ ប៉ុន្តែការចុះផ្សាយកាលពីចុងខែធ្នូកន្លងទៅបានអះអាងថាកិច្ចការទាក់ទងនឹងគម្រោងការផលិតរថយន្តរបស់ Apple បានបន្តដំណើរការវិញហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម