កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្ត BMW បានបញ្ចេញរថយន្តប្រភេទបើកដំបូលថ្មី ដែលជិះបានគ្នា ២ នាក់ ម៉ូដែល Z4 សេរ៊ីឆ្នាំ ២០១៩ ជាផ្លូវការ។
Z4 Roadster M40i បានទទួលការរចនាយ៉ាងស្រស់ស្អាត និងទាក់ទាញ ជាមួយនឹងសំណាញ់ប៉ាណាភ្លោះ ប្រចាំត្រកូល BMW , រន្ធបឺតខ្យល់ធំ និង ចង្កៀងមុខក្រោយថ្មីទៀតផង។ ផ្នែកខាងក្រៅរបស់វាមានពណ៌ទឹកក្រូច (Frozen Orange) , ដំបូលទន់-បើកបានពណ៌ខ្មៅ , កញ្ចក់ចំហៀងពណ៌ខ្មៅ , ចង្កៀងមុខ LED និង យ៉ាន់អាលុយមីញ៉ូមទម្ងន់ស្រាល ទំហំ ១៩ អ៊ីញផងដែរ។
ក្រុមហ៊ុន BMW មិនបានបង្ហាញព័ត៌មានច្រើនអំពីផ្នែកខាងក្នុងឡើយ ប៉ុន្តែ Z4 បានបំពាក់កុងទ័រឌីជីថល , ដៃចង្កូត ៣ កាំ , ប្រព័ន្ធ iDrive Infotainment System , កៅអីស្បែក ប្រភេទ Vernasca , ប្រព័ន្ធភ្លើង Ambient Lighting និង ប្រព័ន្ធសំឡេង Harman Kardon ជាដើម។
សូមបញ្ជាក់ថា រថយន្ត BMW Z4 Roadster M40i នឹងបំពាក់ម៉ាស៊ីនចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង ដែលបង្កើតកម្លាំង ៣៣៥ សេះ។ វាអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេលត្រឹមតែ ៤,៤ វិនាទីប៉ុណ្ណោះ។ Z4នឹងមានតម្លៃចាប់ពី ៥០ ០០០ ដុល្លារឡើងទៅនៅលើទីផ្សារបរទេស៕