Toyota Venza បានបង្ហាញវត្តមាននៅទីផ្សារសហរដ្ឋអាមេរិកជាថ្មីម្ដងទៀតក្រោយបាត់វត្តមានជិត ៥ ឆ្នាំ ដោយវិលត្រឡប់ម្ដងនេះជាមួយស៊េរីឆ្នាំ ២០២១ មានការផ្លាស់ប្ដូររូបរាងថ្មី។ តាមពិតទៅរថយន្តនេះដូចជា Toyota Harrier ដែលដាក់លក់ជប៉ុនដែរ គ្រាន់តែប្ដូរឈ្មោះ។
Toyota Venza ស៊េរីឆ្នាំ ២០២១ ដែលលក់នៅអាមេរិកគឺមានតែជាប្រភេទប្រព័ន្ធ Hybrid ដែលមានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ គួបផ្សំជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ដែលអាចផ្ដល់កម្លាំងបានសរុប ២១៩ សេះ និងមានកម្រិតស៊ីសាំង ៥,៨៨ លីត្រ ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។
អំពីរូបរាងរបស់ Venza ក្រុមហ៊ុន Toyota មិនបាននិយាយពណ៌នាច្រើននោះទេអំឡុងកម្មវិធីប្រកាសចេញ ដោយវាមានរូបរាងស្ទើរតែដូចគ្នាបេះដាក់ទៅនឹង Toyota Harrier សម្រាប់ទីផ្សារប្រទេសជប៉ុន។
ផ្នែកខាងក្នុងមានបំពាក់ដោយអេក្រង់ទំហំ ៨អ៊ីញ និងមាន Option ទំហំ ១២,៣អ៊ីញ ដែលគាំទ្រប្រព័ន្ធ Android Auto, Apple CarPlay និង Amazon Alexa។ វាក៏មានបំពាក់ប្រព័ន្ធសំឡេងដែលមានរន្ធបំពងសំឡេងចំនួន ៦ មកជាស្តង់ដារ ប៉ុន្តែអាចប្ដូរដាក់ប្រព័ន្ធសំឡេង JBL ដែលមានរន្ធបំពងសំឡេងចំនួន ៩ ផងដែរ។ Option គួរឲ្យចាប់អារម្មណ៍មួយទៀតគឺដំបូល Star Gaze ដែលបំពាក់ដោយបច្ចេកវិទ្យាកញ្ចក់ Electrochromic អាចប្ដូរកញ្ចក់ពីថ្លាទៅស្រអាប់បានយ៉ាងពិសេស។
Toyota Venza ឆ្នាំ ២០២១ នឹងចេញលក់នៅអំឡុងខែមិថុនា ទៅខែកញ្ញាខាងមុខនេះ ដែលស្ថិតនៅចន្លោះ RAV4 និង Highlander។ Toyota មិនបានប្រាប់អំពីតម្លៃនោះទេ ប៉ុន្តែវាទំនងជាមានចាប់ពីក្រោម ៣ម៉ឺនដុល្លារ៕