F-150 Lightning ថ្មី គឺជារថយន្តភីកអាប់អគ្គិសនីដ៏ក្តៅគគុកមួយ ហើយក៏កំពុងតែស្ថិតក្នុងតម្រូវការខ្ពស់ដែរ ដូច្នេះទើបក្រុមហ៊ុន Ford ចង់ធ្វើឲ្យប្រាកដថា អ្នកណាក៏ដោយដែលចង់សាកវានឹងមានឱកាស ហើយថែមទាំងឈានទៅដល់ការហាមឃាត់ឈ្មួញ មិនឲ្យលក់រថយន្តសម្រាប់ Demo របស់ពួកគេ ទៀតផង។
យោងតាមឯកសារលេចធ្លាយដែលរកឃើញដោយ F150LightningForum.comឈ្មួញលក់រថយន្ត Ford នឹងត្រូវកាន់ម៉ូដែល Demo របស់ពួកគេយ៉ាងហោចណាស់ ៦ ខែ មុនពេលលក់វា បើមិនដូច្នោះទេនឹងត្រូវប្រឈមនឹងការផាកពិន័យចំនួន ២៥ ០០០ដុល្លារ ហើយនឹងត្រូវបង្ខំឲ្យជំនួសវាក្នុងរយៈពេល ៩០ ថ្ងៃ ទៀតផង។
ក្រុមហ៊ុន Ford ចង់បានម៉ូដែល Demo ស្ថិតនៅក្នុងហាងចែកចាយសម្រាប់អតិថិជន ដើម្បីទទួលយកបទពិសោធន៍ ហើយសង្ឃឹមថា នឹងជំរុញពួកគេឲ្យទិញរថយន្តអគ្គិសនីនេះ ជាជាងឲ្យឈ្មួញរកប្រាក់ចំណេញលើវាបន្ថែមយ៉ាងច្រើន។
គួរឲ្យដឹងថា ភីកអាប់អគ្គិសនី Ford F-150 Lightning គឺស្ថិតនៅក្នុងតម្រូវការខ្ពស់ខ្លាំង ដោយមានការកក់ទុក ២០០ ០០០គ្រឿងរួចមកហើយ។ ជាមួយនឹងការផលិតប្រចាំឆ្នាំចំនួន ១៥០ ០០០គ្រឿង ក្រុមហ៊ុន Ford និយាយថា F-150 Lightning ត្រូវបានលក់អស់ហើយសម្រាប់ឆ្នាំនេះ ហើយអ្នកដែលចង់បាន ត្រូវធ្វើការបញ្ជាទិញ ហើយរង់ចាំសិន៕