[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការប្រកាសចេញជាផ្លូវការនៅរថយន្ត GAC Aion Hyper SSR ប្រភេទ Hypercar ប្រើអគ្គិសនីសុទ្ធ កម្លាំងខ្លាំងផុតលេខរបស់ក្រុមហ៊ុន ជាមួយតម្លៃលក់ចាប់ពី ១៧៦ ៤០០ ដុល្លារ ដល់ ២៣១ ២០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
រថយន្ត Hyper SSR ជាពាក្យកាត់មកពីឈ្មោះពេញថា Super Sport Race មានប្រវែងតួខ្លួនសរុប ៤ ៥៥៦ ម.ម ទទឹង ១ ៩៨៨ ម.ម កំពស់ ១ ២៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់ Hypercar ទ្វា២ នេះ ត្រូវបានផលិតឡើងពីកាបូនហ្វាយបឺ ដែលជួយរថយន្តមានទំងន់ស្រាល និងមានប្រព័ន្ធជ្រែកខ្យល់ aerodynamic បានយ៉ាងល្អ, បំពាក់ចង្កៀងមុខ-ក្រោយជាប្រភេទ LED, កាងក្រោយមានលក្ខណៈបែបស្ព័រ ក៏ដូចជាកាង Spoiler ព្រមទាំងថាសកង់ទំហំ ២០ អ៉ីញជាមួយនឹងដុំហ្វ្រាំងធ្វើពីកាប៊ូនហ្វាយបឺ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅស្ព័រស្រោបដោយស្បែកមុខងារខ្យល់-កំដៅអាច ខណៈនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានទំហំ ៨,៨៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ក៏ដូចផ្នែកមួយចំនួនគឺត្រូវបានផលិតឡើងពីកាបូន ព្រមទាំងប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ២ តំបន់ និងឧបករណ៍បំពងសំឡេង ៨ ចំនុច ។
ទាក់ទងទៅនឹងថាមពលវិញ រថយន្ត Hypercar នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប្រភេទបើកបរប៉ុង ២ មានកម្លាំងសរុប ១២២៤ សេះ និងកម្លាំងរមួល ១២៣០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ១,៩ វិនាទី ផ្គួបជាមួយអាគុយទំហំ ៧៤,៦៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០៦ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕