ផ្អែកតាមការសិក្សាមួយដែលធ្វើឡើងដោយក្រុមហ៊ុន Deloitte បានបង្ហាញថា មួយភាគបី នៃរថយន្តថ្មីដែលលក់ចេញនៅទូទាំងពិភពលោកនឹងជារថយន្តអគ្គិសនី នៅត្រឹមឆ្នាំ ២០៣០។
ការសិក្សាបានប៉ាន់ស្មានថានឹងមានរថយន្តអគ្គិសនីប្រមាណ ៣១,១លានគ្រឿង នឹងលក់ចេញជារៀងរាល់ឆ្នាំត្រឹមឆ្នាំ ២០៣០ ដែលតួលេខនេះគឺលើសពីតួលេខដែលគេប៉ាន់ស្មានកាលពីខែមករា ឆ្នាំ ២០១៩ ចំនួន ១០លានគ្រឿង។
ខណៈដែលទីផ្សាររថយន្តសកលត្រូវបានគេរំពឹងថានឹងមិនអាចវិលត្រឡប់ដូចដើម (មុនការផ្ទុះជំងឺកូវីដ) មុនឆ្នាំ ២០២៥ ប៉ុន្តែគេបានព្យាករណ៍ថារថយន្តអគ្គិសនីនៅឆ្នាំ ២០២០ នឹងអាចលក់ចេញបាន ២,៥លានគ្រឿង។
មានកត្តាមួយចំនួនដែលធ្វើឲ្យចំនួនអ្នកទិញរថយន្តអគ្គិសនីបន្តកើនឡើងឥតឈប់ឈរ រួមមានការចូលរួមផ្ដល់ថវិកាជំនួយពីរដ្ឋាភិបាលដែលចង់ឲ្យប្រទេសរបស់ខ្លួនលែងមានឧស្ម័នពុល និងជម្រើសរថយន្តអគ្គិសនីដែលបានច្រើនប្រភេទមានទាំងរថយន្ត Sedan, រថយន្ត SUV និងរថយន្តល្បឿនលឿនទៀតផង៕