នាពេលថ្មីៗនេះ ក្រុមហ៊ុន Porsche បានបញ្ចេញរថយន្ត SUV ម៉ូដែលថ្មី គឺ Cayenne E-Hybrid ស៊េរីឆ្នាំ ២០១៩ ដែលដំណើរការដោយប្រើម៉ាស៊ីនសាំងផង និងអគ្គិសនីផង។
Cayenne E-Hybrid ប្រើម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង និង អាគុយប្រភេទ lithium-ion ទំហំ ១៤,១ គីឡូវ៉ាត់ម៉ោង ព្រមទាំងម៉ូទ័រអគ្គិសនី ២ ដែលផលិតកម្លាំងបានសរុប ៤៥៥ សេះ។ កម្លាំងប៉ុណ្ណោះ វាអាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៧ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
អាគុយបំពាក់លើ Cayenne E-Hybrid អាចឱ្យវាធ្វើដំណើរដោយថាមពលអគ្គិសនីសុទ្ធ ៤៤ គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង ដែលចំណាយពេលប្រហែលជិត ៨ ម៉ោង តាមរយៈការស្តង់ដារទំហំ ១០ អំពែ ហើយប្រើពេលតែជាង ២ ម៉ោងប៉ុណ្ណោះ បើប្រើកម្លាំង ៣២ អំពែ។
រថយន្ត Porsche Cayenne E-Hybrid ក៏បានបំពាក់មុខងារពិសេសៗជាច្រើន ដូចជា ប្រព័ន្ធកម្តៅ-បញ្ចេញខ្យល់នៅផ្នែកខាងក្រោយ , ប្រព័ន្ធបូម Porsche Active Suspension Management , កម្តៅកញ្ចក់មុខ , កុងទ័រ Head-up Display និង កៅអីម៉ាស្សា ជាដើម។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៧៩ ៩០០ ដុល្លារនៅលើទីផ្សារអាមេរិក៕