រថយន្ត Audi TT RS បានត្រលប់មកវិញជាមួយនឹងស៊េរីឆ្នាំ២០២១ ដោយទទួលបានការអាប់ដេតមួយចំនួន ប៉ុន្តែបានឡើងថ្លៃដល់ទៅជិត ៥ ០០០ដុល្លារ។
វាមិនមែនជាចំនួនលុយតិចឡើយសម្រាប់រថយន្តស្ព័រមួយនេះ ដោយ Audi TT RS ឥឡូវមានតម្លៃចាប់ពី ៧៣ ៥៤៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា Audi បានបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា លេងពណ៌ខ្មៅសម្រាប់ផ្នែកខាងក្រៅ, មុខងារ Apply CarPlay និង Android Auto, ដុំហ្វ្រាំងពណ៌ក្រហម និង យ៉ាន់ Audi Sport ២០អ៊ីញ ជាដើម។
ចំណែកឯកាប៊ីនខាងក្នុងវិញ វារំលេចដោយ Carbon Fiber, ប្រព័ន្ធសំឡេង Bang and Olufsen Stereo System, អេក្រង់កម្សាន្ត MMI ព្រមទាំងមុខងារ Lane-Change Assist មកស្តង់ដារទៀតផង។
មិនខុសពីឆ្នាំមុន TT RS នៅតែបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ Turbocharged ទំហំ ៥ស៊ីឡាំង មានកម្លាំង ៣៩៤សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និង ប៉ុងពីរ AWD។ រថយន្តស្ព័រខ្នាតតូចនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕