រថយន្តប្រភេទ Crossover និងប្រភេទ MPV គឺពិតជាជម្រើសដ៏អស្ចារ្យសម្រាប់ក្រុមគ្រួសារ ឬក៏ការបើកបរគ្រប់ស្ថានភាពផ្លូវដែរ។ ទំហំរបស់ពួកគេដែលប្រើសម្រាប់ការអូសទាញបានធ្វើអោយវាមានការពេញនិយមក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ទោះបីជាវាមានភាពខុសគ្នារវាងប្រភេទរថយន្តទាំងពីរនេះក៏ដោយ ក៏រថយន្តប្រភេទ MPV អាចប្រើប្រាស់បានក្នុងការបើកបរស្ថានភាពផ្លូវពិបាកគ្រប់កាលៈទេសៈ។ វាមានទំហំធំជាងរថយន្តផ្សេងទៀតហើយវាក៏មានកម្លាំងខ្លាំង ប៉ុន្តែរថយន្តប្រភេទ Crossover គឺមើលទៅរូបរាងជាការរចនាបែបស្ព័ររួមជាមួយនូវភាពងាយស្រួលក្នុងការបើកបរ។ រថយន្តប្រភេទ Crossover និងប្រភេទ MPV គឺយើងទាំងអស់គ្នាបានដឹងហើយថាវាក៏មានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពផងដែរ។
ជាងមួយឆ្នាំមកនេះ រថយន្ត MG ZS និង Toyota Rush បានបង្ហាញពីម៉ូឌែលដែលលក់ដាច់ជាងគេសម្រាប់ក្រុមហ៊ុនរថយន្ត។ វាជាអ្វីដែលបានបង្ហាញលើទីផ្សារប្រទេសកម្ពុជា ដែលរថយន្តប្រភេទ MPV ៧កៅអី និងរថយន្តប្រភេទ Crossover ៥កៅអី បានដាក់លក់ក្នុងតម្លៃមួយយ៉ាងសមរម្យហើយវាពិតជាមានភាពទាន់សម័យ។ ទាំងពីរផ្នែកនៃប្រភេទMPV ៧កៅអី និងប្រភេទ Crossover មានទំហំ និងតម្លៃដូចគ្នា ដែលអាចមានការយល់ច្រឡំថារថយន្តមួយណាដែលល្អសម្រាប់ការទិញយកទៅប្រើប្រាស់។ រថយន្តប្រភេទ Crossover និងប្រភេទ MPV ៧កៅអី គឺពិតជាមានការពេញនិយមសម្រាប់ជម្រើសរបស់អតិថិជនជាច្រើន។ ជាការពិតណាស់ សំនួរដែលចោទសួរគឺ តើមួយណាដែលជាជម្រើសល្អ? ឥលូវនេះយើងខ្ញុំសូមបង្ហាញលោកអ្នកនូវរថយន្ត ២ ម៉ូឌែលនៃប្រភេទ Crossover និងប្រភេទMPV ៧កៅអី។
រថយន្ត Toyota Rush ដែលជាប្រភេទរថយន្ត MPV ៧កៅអី វាបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង ហើយជាប្រភេទរថយន្តសាំង បង្កើតនូវកម្លាំង ១០៥PS និងកម្លាំងបង្វិល ១៣៦ញ៉ូតុនម៉ែត្រ រួមដោយប្រអប់លេខអូតូ ៤វគ្គ។ រថយន្តនេះផ្តល់ជូនអ្នកនូវអ្នករួមដំណើរ ចំនួន ៧កៅអី ជាមួយនឹងទំហំសមល្មម។ រថយន្តToyota Rush បានរៀបចំឡើងជាមួយប្រភេទពូកកាំមីញី និងតាប់ឡូពណ៌ខ្មៅ។ វាក៏បានមកជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ឌីជីថល។ ផ្នែកខាងក្នុងវិញអនុវត្តន៏យ៉ាងគួរសមនូវទំហំសមល្មមគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរនិងផ្ទុកទំនិញ ប៉ុន្តែ Rush គឺមិនមានប្រអប់ផ្ទុកសម្ភាៈកណ្តាលចន្លោះកៅអីអ្នកបើកបរនោះទេ ដែលធ្វើជាចំណុចសំខាន់សម្រាប់ផ្ទុករបស់របរអោយមានសុវត្ថិភាព។ រថយន្ត Toyota Rush ឆ្នាំ២០២១ គឺមានតម្លៃ ៣៥ ៥០០ដុល្លារ ហើយវាក៏បានបំពាក់ដោយពោងសុវត្ថិភាពចំនួន ៦គ្រាប់, ប្រព័ន្ធទប់លំនឹង និង ប្រព័ន្ធជំនួយពេលបើកបរក្នុងស្ថានភាពផ្លូវរអិលផងដែរ។ ដើម្បីបង្ហាញពីភាពសាកសមបែបការរចនាដ៏ប្រណីតនេះ Rush ក៏បានបន្ថែមនូវមុខងារប្រើប្រាស់មួយចំនួនបន្ថែមទៀត ប៉ុន្តែនូវតែមិនមានប្រព័ន្ធកំសាន្ត Android Auto និងApple CarPlay។
ខណៈពេលដែលក្រុមហ៊ុន MG បានអភិវឌ្ឍន៏និងបង្ហាញពីភាពដែលអាចធ្វើទៅបានជាមួយនឹងតម្លៃពិតជាសមរម្យសម្រាប់រថយន្ តMG ZS ស៊េរីឆ្នាំ២០២១ ដូចដែលបានណែនាំនិងបែបចែកពីការផ្តល់ជូនកាន់តែពិសេសដល់អ្នកប្រើប្រាស់។ យឺតៗ តែច្បាស់លាស់ ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំកន្លងផុតទៅ យើងសង្កេតឃើញថារថយន្ត MG ដែលជាយីហោរបស់ប្រទេសអង់គ្លេសគឺពិតជាមានការរីកចម្រើនគួរអោយកត់សម្គាល់។ រថយន្ត MG ZS បានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ប្រភេទម៉ាស៊ីនសាំងដែលផ្តល់នូវកម្លាំង ១១៤សេះ និងកម្លាំងបង្វិល ១៤១ញ៉ូតុនម៉ែត្រ ព្រមនូវការបន្ថែមនឹងប្រអប់លេខអូតូ ៨វគ្គ។ រថយន្តស៊េរី ២០២១នេះបានរចនាជាមួយនឹងអេក្រង់ពណ៌ទំហំ ១០,១អ៊ីញភ្លឺច្បាស់ត្រជាក់ភ្នែករួមនូវប្រព័ន្ធកំសាន្ត Apple CarPlay និងAndroid Auto, ការកំណត់ល្បឿនថេរ Cruise Control, ប៊ូតុង Smart key, ពូកស្បែកដ៏ប្រណីត, ទំហំកង់ ១៧អ៊ីញ, LED exterior lights, កៅអីអូតូ, អូតូក្តោបកញ្ចក់ព្រមទាំងបំពាក់ដោយភ្លឺស៊ីញ៉ូ, ដំបូលលើ Panoramic sunroof, កាំមេរ៉ា ៣៦០ដឺក្រេ សម្រាប់ជំនួយពេលចតរថយន្ត និងការបង្ហាញពីសម្ពាធកង់រថយន្ តនៅលើតាប់ឡូដែលរថយន្ត Toyota Rush មិនមាននោះទេ។ ចំណុចពិសេសមួយទៀតនោះគឺវាបានបំពាក់ដោយហ្វ្រាំងឌីស បើប្រៀបជាមួយ Toyota Rush ដែលមកជាមួយហ្វ្រាំង Disc/Drum។ ហើយម៉ូឌែលនេះក៏បានកាត់បន្ថយនូវការរចនាជាមួយនឹងប្រភេទប្លាស្ទិចនៅផ្នែកខាងមុខដែលផ្តល់នូវភាពកាន់តែលេចធ្លោ។ អ្វីដែលពិសេសទៀតនោះគឺរថយន្ តMG ZS ស៊េរីឆ្នាំ ២០២១បានផ្តល់ជូននូវតម្លៃយ៉ាងប្រកួតប្រជែង ត្រឹមតែ ៣១ ០០០ដុល្លារ ដែលធ្វើអោយរថយន្តនេះកាន់តែមានចរាចរណ៏លើដងផ្លូវ។
រថយន្តប្រភេទ Crossover និងប្រភេទ MPV គឺមានភាពខុសប្លែកពីគ្នាបន្តិចបន្តួចប៉ុន្តែអ្វីដែលសំខាន់នោះគឺរថយន្តដែលលោកអ្នកជ្រើសរើសគឺជាអ្វីដែលអ្នកត្រូវការនិងសាកសមជាមួយទំហំទឹកប្រាក់របស់អ្នកផងដែរ។