ដូចបងប្អូនទាំងអស់គ្នាដឹងហើយថា ក្រុមហ៊ុន GMC បានបង្ហាញចេញជាផ្លូវការនូវរថយន្ត Hummer ប្រភេទអគ្គិសនី ដែលមានរចនាបថទាន់សម័យ ជាមួយនឹងកម្លាំងដ៏ខ្លាំងមហាសាលសម្រាប់រថយន្តភីកអាប់នេះ កាលពីតុលាកន្លងទៅ ហើយឥឡូវនេះដែរ GMC ក៏បានចេញវីដេអូថ្មីមួយរបស់ Hummer EV នៅក្នុងសកម្មភាពបើកបរមិនខ្លាចឧបសគ្គបន្តិចឡើយ។
វីដេអូឃ្លីបនេះត្រូវបានគេបង្ហោះចូលក្នុងទំព័រ Instagram របស់ក្រុមហ៊ុន General Motors Design និងបង្ហាញពីការបើកបរឆ្លងកាត់ផ្លូវក្នុងទីក្រុង ទៅកាន់ផ្លូវនៅតាមបណ្តោយផ្លូវព្រៃភ្នំដែលអមជាមួយទេសភាពយ៉ាងស្រស់បំព្រង។
ថាមពលដ៏ខ្លាំងក្លានៃរថយន្ត Hummer EV គឺបានមកពីម៉ូទ័រអគ្គិសនីចំនួនបី ដែលផលិតកម្លាំងសរុបបានប្រមាណ ១០០០សេះ។ កម្លាំងនេះអាចឲ្យរថយន្តដែលប្រើប្រព័ន្ធបើកបរវិលកង់បួននេះ ស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេលប្រហែល ៣វិនាទី ពេលប្រើប្រាស់ប្រព័ន្ធ “Watts to Freedom”។ ម៉ូទ័រអគ្គិសនីទទួលបានថាមពលពីអាគុយលីចូមដែលអាចឲ្យរថយន្តបើកបរបានចម្ងាយ ៥៦៣គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ហើយការសាកភ្លើងត្រឹម១០នាទី អាចឲ្យរថយន្តបើកបរបានចម្ងាយ ១៦១គីឡូម៉ែត្រ។