រថយន្ត Suzuki Jimny ប្រភេទទ្វារប្រាំរំពឹងថានឹងបង្ហាញវត្តមាននៅឆ្នាំ ២០២១ នេះ ដែលការចេញលក់ជាផ្លូវការលើទីផ្សារអាចនឹងធ្វើឡើងនៅឆ្នាំ ២០២២ ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Autocar India។
ប្រភពខាងលើបាននិយាយថាការនាំចេញរថយន្ត Suzuki Jimny ទ្វារបីដែលផលិតនៅប្រទេសឥណ្ឌាបានចាប់ផ្ដើមហើយ ហើយការបង្ហាញចេញរថយន្តទ្វារប្រាំនឹងធ្វើឡើងក្នុងពេលតែ ៦ខែទៀតប៉ុណ្ណោះ។ គួរដឹងថារថយន្ត Jimny ដែលផលិតនៅឥណ្ឌាគឺមានលក្ខណៈដូចគ្នានឹងរថយន្តដែលផលិតនៅរោងចក្រ Kosai ប្រទេសជប៉ុនអ៊ីចឹងដែរ។
Autocar India បានឲ្យដឹងដែរថារោងចក្រនៅប្រទេសឥណ្ឌាអាចផលិតរថយន្ត Jimny បានទាំងប្រភេទចង្កូតស្ដាំ និងប្រភេទចង្កូតឆ្វេង។ រថយន្តចំនួន ១៨៤គ្រឿងដំបូងដែលផលិតចេញពីរោងចក្រនៅឥណ្ឌា ត្រូវបានគេរាយការណ៍ថានឹងនាំចេញទៅកាន់តំបន់អាមេរិកឡាទីន។
រថយន្ត Jimny ប្រភេទទ្វារប្រាំត្រូវបានគេអះអាងថានឹងមានប្រវែងវែងជាងប្រភេទទ្វារបី ប៉ុន្តែវានឹងប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥លីត្រដូចគ្នា៕