នាព្រឹកថ្ងៃអង្គារនេះ Tesla បានប្រកាសដំណឹងអំពីការទិញយករូបិយប័ណ្ណអេឡិចត្រូនិក Bitcoin ក្នុងចំនួនមួយដែលមានតម្លៃស្មើនឹង ១,៥ពាន់លានដុល្លារ ដើម្បីធ្វើឲ្យផ្នែកហិរញ្ញវត្ថុរបស់ខ្លួនកាន់តែមានភាពបត់បែនខ្លាំងឡើង។
លោក Elon Musk បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla ប្រហែលជាអាចនឹងចាប់ផ្ដើមទទួលយក Bitcoin ជាវិធីទូទាត់ប្រាក់សម្រាប់រថយន្តរបស់ខ្លួននៅថ្ងៃអនាគតឆាប់ៗខាងមុខនេះ។ កន្លងមកធ្លាប់មានឈ្មួញលក់រថយន្តមួយចំនួនទទួលយកការទូទាត់ជារូបិយប័ណ្ណអេឡិចត្រូនិកជំនួសឲ្យសាច់ប្រាក់ ប៉ុន្តែមិនធ្លាប់មានក្រុមហ៊ុនរថយន្តណាបានធ្វើដូចជាការគ្រោងទុករបស់ Tesla នោះទេ។
បើតាមការចុះផ្សាយរបស់ Reuters ការទិញយក Bitcoin នេះបានធ្វើឲ្យ Tesla ត្រូវចំណាយអស់ប្រមាណ ៨% នៃសាច់ប្រាក់សរុបរបស់ខ្លួន ដែលគិតត្រឹមចុងឆ្នាំ ២០២០ ក្រុមហ៊ុននេះមានសាច់ប្រាក់សរុបប្រមាណ ១៩ពាន់លានដុល្លារ។
គួរដឹងថាក្រោយមានការបញ្ចេញដំណឹងទិញយក Bitcoin នេះ វាបានធ្វើឲ្យតម្លៃរបស់ Bitcoin កើនឡើងខ្លាំងរហូតដល់ ៤៣ ១០០ដុល្លារក្នុងមួយឯកតា។ នេះបើតាមការចុះផ្សាយរបស់ CNN៕