ប្រទេសថៃនឹងកំណត់គោលដៅឲ្យមានរថយន្តអគ្គិសនី ចំនួន ៣០% នៃចំនួនផលិតរថយន្តសរុបនៅចុងទសវត្សនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការបំពុលបរិយាកាស។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ លោក Suriya Jungrungreangkit បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “រដ្ឋាភិបាលចង់ពន្លឿនការប្រើប្រាស់ និងផលិតរថយន្តអគ្គិសនី ដោយយុទ្ធសាស្ត្រជាតិ ផ្តោតលើបរិស្ថាន និងដំណោះស្រាយបំពុលបរិយាកាស។ ប្រទេសថៃមានចំណុចល្អរួចស្រេចទៅហើយ ព្រោះជាមជ្ឈមណ្ឌលផលិតរថយន្ត ហើយឥឡូវនេះដល់ពេលដែលត្រូវផ្តោតលើរថយន្តអគ្គិសនីហើយ”។
គួរឲ្យដឹងដែរថា ខណៈពេលដែលការចូលរួមពីយានយន្តក្នុងការបំពុលបរិស្ថានមានទំហំតូចជាងប្រភពដទៃទៀត ដូចជា ការដុតដំណាំ ឬភ្លើងឆេះព្រៃ ការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុន Nissan Motor Co បានបង្ហាញថា ប្រជាជនថៃ ៩១ ភាគរយនឹងទិញរថយន្តអគ្គិសនី ដោយសារតែផលប៉ះពាល់បរិស្ថាន។
ជាមួយគ្នានេះដែរ ការស្ទង់មតិខាងលើបានរកឃើញថា ៤៣ ភាគរយនៃម្ចាស់រថយន្តប្រើប្រេងឥន្ទនៈ នឹងពិចារណាទិញរថយន្តអគ្គិសនី សម្រាប់ការទិញរថយន្តបន្ទាប់របស់ពួកគេ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ៕