ស្ថាប័ន EPA ទើបបានបង្ហាញចេញនូវរយៈចម្ងាយបើកបររបស់រថយន្ត Porsche Taycan ប្រភេទធូរថ្លៃជាងគេ ដែលវាអាចជិះបានចម្ងាយ ៣២០គីឡូម៉ែត្រ សម្រាប់ប្រភេទអាគុយទំហំ ៧៩,២គីឡូវ៉ាត់ម៉ោង។
ដោយឡែកសម្រាប់ប្រភេទអាគុយទំហំ ៩៣,៤គីឡូវ៉ាត់ម៉ោងវិញ អាចបើកបរបានចម្ងាយប្រមាណ ៣៦២គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។ យ៉ាងណាក្ដីបើផ្អែកតាមការអះអាងរបស់ Porsche ដែលបានពឹងផ្អែកក្រុមហ៊ុន AMCI Testing ឲ្យធ្វើតេស្ត លទ្ធផលបង្ហាញថា Porsche Taycan ដែលប្រើអាគុយ ៩៣,៤គីឡូវ៉ាត់ម៉ោង អាចជិះបានដល់ ៤៥៤គីឡូម៉ែត្រឯណោះ។
សម្រាប់ Porsche Taycan ឆ្នាំ ២០២១ ប្រភេទអាគុយ ៧៩,២គីឡូវ៉ាត់ម៉ោង គឺវាមានបំពាក់មកជាមួយនូវម៉ូទ័រអគ្គិសនី១ ដែលផលិតកម្លាំងបាន ៣២១សេះ ដែលវាមានដាក់លក់តម្លៃចាប់ពី ៧៩ ៩០០ដុល្លារ ដោយមិនទាន់បូកបញ្ចូលថ្លៃកម្រៃផ្សេងៗចំនួន ១ ៣៥០ដុល្លារ៕