Mercedes ចាប់ផ្ដើមសម្រុកបង្ហាញចេញឡានអគ្គិសនី

ក្រោយពីបានបង្ហាញចេញរថយន្តអគ្គិសនី EQS សម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបរួចហើយនោះ ក្រុមហ៊ុន Mercedes-Benz នឹងបង្ហាញចេញរថយន្តអគ្គិសនីថ្មីមួយទៀតជាប្រភេទ SUV ខ្នាតតូចគឺម៉ូដែល EQB។

រថយន្ត EQB នឹងបង្ហាញចេញជាផ្លូវការនៅថ្ងៃទី១៨ ខែមេសា ក្នុងកម្មវិធី Auto Shanghai ឆ្នាំ២០២១នៅប្រទេសចិន នៅអំឡុងកម្មវិធីឈ្មោះថា “EQ Night” ដែលពេលនោះក៏នឹងមានបង្ហាញវត្តមានរថយន្ត EQS សម្រាប់ទីផ្សារអាស៊ីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត EQB គឺជាប្រភេទអគ្គិសនីនៃរថយន្ត GLB ដែលរំពឹងថានឹងមានទ្រង់ទ្រាយជាប្រអប់ៗដូចគ្នា ហើយផ្នែកខាងមុខនឹងមានបំពាក់ដោយផ្ទាំងប៉ាណាបិទជិតដើម្បីបង្កើនសមត្ថភាពក្នុងការជ្រែកទំនាញខ្យល់ អមជាមួយភ្លើងអំពូលប្រភេទ LED ផងដែរ។

រថយន្ត EQB ត្រូវបានរំពឹងថានឹងមានបញ្ចេញលក់ជាមួយជម្រើសអាគុយច្រើនប្រភេទមានចន្លោះពី ៦០ ដល់ ១១០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយយ៉ាងខ្លីបំផុតគឺ ៤០០គីឡូម៉ែត្រ ព្រមទាំងអាចមានកម្លាំងចំនួន៣ប្រភេទគឺកម្លាំង ២០១សេះ, ២៦៨សេះ និង ៣៣៥សេះ។

Mercedes បានបញ្ជាក់រួចហើយថារថយន្ត EQB នឹងបញ្ចេញលក់ភ្លាមៗនៅទីផ្សារប្រទេសចិនក្រោយការបង្ហាញចេញ។ ចំណែកប្រភេទសម្រាប់លក់នៅអឺរ៉ុបនឹងមានលក់នៅមុនដំណាច់ឆ្នាំ២០២១ ហើយសម្រាប់ទីផ្សារសហរដ្ឋអាមេរិកនឹងមានលក់នៅឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម