ក្រុមហ៊ុន Audi បានបញ្ជាក់ថាអតិថិជននៅសហរដ្ឋអាមេរិកដែលទិញរថយន្ត Audi E-Tron GT ឬ Audi RS E-Tron GT ស៊េរីថ្មីនឹងទទួលបានការសាកភ្លើងល្បឿនលឿនដោយមិនគិតថ្លៃរយៈពេល៣ឆ្នាំ។
អតិថិជននឹងទទួលបានការផ្ដល់ជូនពិសេសនេះតាមរយៈប្រព័ន្ធសាកភ្លើងល្បឿនរបស់ស្ថានីយ Electrify America។ ដុំសាកនៅស្ថានីយ Electrify America នឹងអាចឲ្យម្ចាស់រថយន្តអគ្គិសនីទាំងពីរម៉ូដែល បន្ថែមចម្ងាយបើកបរបាន ២៩០គីឡូម៉ែត្រ ដោយចំណាយពេលសាកត្រឹម ២២នាទី។
នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ស្ថានីយសាកភ្លើងរបស់ Electrify America នឹងមានកំណើនដល់ប្រមាណ ៣៥០០ស្ថានីយនៅទូទាំងសហរដ្ឋអាមេរិក។
គួរដឹងថារថយន្ត E-Tron GT មានបំពាក់ម៉ូទ័រអគ្គិសនីពីរដែលអាចផលិតកម្លាំងបាន ៤៦៩សេះ ដោយប្រភេទស្តង់ដារនៃរថយន្តនេះមានបំពាក់អាគុយដែលអាចបើកបរបានចម្ងាយ ៣៨៣គីឡូម៉ែត្រ។ ចំណែករថយន្ត RS E-Tron GT មានម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៥៩០សេះ និងអាចបើកបរបានចម្ងាយ ៣៧៣គីឡូម៉ែត្រ៕