រថយន្ត SUV ប្រណីតខ្នាតតូច ជំនាន់ទី ២ Range Rover Evoque ស៊េរីឆ្នាំ ២០២០ ទទួលបានការរចនារូបរាងស្លីម និងបំពាក់ចង្កៀង LED ស្រស់ស្អាតដូច ម៉ូដែល Range Rover Velar អីចឹង។
ជាមួយនឹងយ៉ាន់ទំហំ ២១ អ៊ីញ បានជួយឲ្យ Evoque ឈរជែងកាន់តែអង់អាច។ វាបានបន្ថែមពណ៌ថ្មីចំនួន ២ ទៀត គឺ ពណ៌ទឹកប្រាក់ (Seoul Pearl Silver) និងពណ៌ប្រផេះ (Nolita Grey) ដែលផ្តាច់មុខសម្រាប់ម៉ូដែល First Edition។
ផ្នែកខាងក្នុង Evoque ឆ្នាំ ២០២០ កាន់តែប្រណីត និងស្រស់ស្អាត ដោយបន្ថែម Option កាន់តែច្រើនជាងមុន ហើយក៏បានបំពាក់អេក្រង់ផ្នែកកណ្តាលទំហំ ១០ អ៊ីញ ចំនួន ២ និងកុងទ័រប្រភេទឌីជីថល ទំហំ ១២,៣ អ៊ីញ ដែលមានដំណើរការកាន់តែលឿនទៀតផង។
Evoque ជំនាន់ថ្មីបានបំពាក់មុខងារ ClearSight Ground View ដំបូងបង្អស់ ដែលអនុញ្ញាតឲ្យអ្នកបើកបរមើលឃើញកង់ទាំង ៤ នៅលើអេក្រង់ ដែលបង្ហាញជារូបភាព ១៨០ ដឺក្រេ ងាយស្រួលនៅពេលបើកបរផ្លូវតូចចង្អៀត។
Evoque ប្រភេទ S, SE និង First Edition ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២៩៦ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ AWD។ វាអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៧,០ វិនាទី និងមានល្បឿនអតិបរមា ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។
Evoque ប្រភេទ R-Dynamic S, R-Dynamic SE និង R-Dynamic HSE ដំណើរការដោយម៉ាស៊ីន Mild-Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ ព្រមទាំងអាគុយកម្លាំង ៤៨ វ៉ុល ដែលបង្កើតកម្លាំងបានសរុប ២៩៦ សេះ។ វាអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេលត្រឹម ៦,៣ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមារហូតដល់ ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមបញ្ជាក់ថា រថយន្ត Range Rover Evoque ស៊េរីឆ្នាំ ២០២០ មានតម្លៃចាប់ពី ៤២ ៦៥០ ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក៕