បដិវត្តនៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Cadillac នឹងចាប់ផ្តើមនៅខែក្រោយនេះ ស្របពេលដែលវានឹងចាប់ផ្តើមទទួលយកការកក់សម្រាប់ម៉ូដែល Lyriq ឆ្នាំ២០២៣ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះតែម្តង។
រថយន្តអគ្គិសនី Cadillac Lyriq នឹងមានតម្លៃចាប់ពី ៥៨ ៧៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ វាត្រូវបានផលិតលើគ្រោងឆ្អឹង Ultium Platform ហើយនឹងបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាធ្វើដំណើរការចម្ងាយ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
បើនិយាយពីការសាកភ្លើងវិញ ដុំសាកស្តង់ដារកម្លាំង ១២០វ៉ុល អាចឲ្យវាទទួលបានចម្ងាយ ៥,៦គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ៨៤គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ដុំសាកកម្លាំង ២៤០វ៉ុល។ ចំណែកឯការសាកល្បឿនលឿននៅស្ថានីយ៍សាកភ្លើងវិញ វាចំណាយពេលត្រឹមតែ ៣០នាទី នឹងទទួលបានចម្ងាយបើកបរ ៣១៤គីឡូម៉ែត្រ។
សូមបញ្ជាក់ថា រថយន្ត Cadillac Lyriq នឹងផ្តល់តែជម្រើសប៉ុងមួយវិលកង់ក្រោយប៉ុណ្ណោះ នៅពេលចេញដំបូង ដោយប្រភេទម៉ូទ័រអគ្គិសនីមួយនេះ មានកម្លាំង ៣៤០សេះ។ វានឹងចូលរោងចក្រផលិតនៅឆមាសទី១ នៃឆ្នាំ២០២២៕