Toyota ពឹងពាក់លើឡានពីរម៉ូដែលនេះ ក្នុងការដណ្ដើមចំណែកទីផ្សារនៅអឺរ៉ុប

Toyota បានដាក់ក្ដីសង្ឃឹមលើរថយន្ត SUV ខ្នាតតូចថ្មីចំនួនពីរក្នុងការបង្កើនចំណែកទីផ្សារនៅអឺរ៉ុប ដោយក្នុងនោះមានរថយន្ត Yaris Cross និងរថយន្តដែលជាអ្នកស្នងតំណែងរថយន្ត Aygo ផងដែរ។

រថយន្ត Yaris Cross ដែលជាប្រភេទ B-SUV បានបង្ហាញវត្តមានកាលពីខែមេសាឆ្នាំ២០២០ ហើយវានឹងចាប់ផ្ដើមការផលិតឆាប់ៗនេះនៅរោងចក្រប្រទេសបារាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងឆ្នាំ២០២០ ទីផ្សារ B-SUV នៅអឺរ៉ុបត្រូវបាននាំមុខដោយរថយន្ត Renault Captur (១៧៧ ៥៥៦គ្រឿង), Volkswagen T-Roc (១៥៨ ៧៧៦គ្រឿង) និងរថយន្ត Peugeot 2008 (១៥៦ ១៥០គ្រឿង)។ Toyota រំពឹងថារថយន្ត Yaris Cross នឹងអាចលក់ចេញបាន ១៥ម៉ឺនគ្រឿងនៅឆ្នាំ២០២២ ដែលអាចស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង៥ លើទីផ្សាររថយន្ត B-SUV នៅអឺរ៉ុប។

ចំណែករថយន្ត SUV ខ្នាតតូចទីពីរគឺអ្នកស្នងតំណែងរថយន្ត Aygo ជាប្រភេទរថយន្ត A-Segment ធ្លាប់បានបង្ហាញវត្តមានក្នុងនាមជា Concept ម៉ូដែល Aygo X Prologue Concept កាលពីខែមីនា ឆ្នាំ២០២១។

ជាមួយរថយន្តថ្មីពីរម៉ូដែលនេះ Toyota មានសុទិដ្ឋិនិយមចំពោះអនាគតរបស់ខ្លួននៅលើទីផ្សារអឺរ៉ុប ហើយថ្មីៗនេះ Toyota បានកែសម្រួលគោលដៅលក់របស់ខ្លួនសម្រាប់ទីផ្សារអឺរ៉ុបគឺ ១,២លានគ្រឿងសម្រាប់ឆ្នាំ២០២១ (ឡើងពី ១,១លានគ្រឿង) និង ១,៥លានគ្រឿងសម្រាប់ឆ្នាំ២០២៥ (ឡើងពី ១,៤លានគ្រឿង)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម