បន្ទាប់ពីទទួលបាននូវការអភិវឌ្ឍន៍ថ្មី រថយន្ត Nissan Terra ឆ្នាំ២០២១ បានធ្វើការចេញលក់ជាផ្លូវការក្នុងប្រទេសថៃ ជាមួយជម្រើស ៣ម៉ូឌែលគឺ E 2WD, VL 2WD និង VL 4WD។
រថយន្ត Nissan Terra ឆ្នាំ២០២១ ទទួលបានការឌីស្សាញផ្នែកខាងក្រៅយ៉ាងទំនើប ស្រដៀងគ្នានឹងបងប្អូនរបស់ខ្លួនគឺភីកអាប់ Nissan Navara។ ជាមួយប៉ាណាទំហំធំជារាងអក្សរ V ថ្មី, ថាស់កង់ទំហំ ១៨អ៊ីញ, Spoiler, ព្រុយត្រីឆ្លាម បន្ថែមជាមួយចង្កៀងប្រភេទ LED និងអំពូលកាត់អ័ព្ទ Vertical។
ចំណែកផ្នែកខាងក្នុងទទួលបានការឌីស្សាញស្រដៀងគ្នានឹងរថយន្ត Sedan Nissan Almera ដោយបំពាក់ជាមួយដៃចង្កូត D-Cut ចំនួន ៣ប្រឡោះ ស្រោបដោយស្បែក, កុងទ័រ LCD, អេក្រង់កម្សាន្តទំហំ ៩អ៊ីញ ភ្ជាប់ជាមួយ Apple Carplay និង Android Auto និងឧបករណ៍តន្រ្តីប្រភេទ Bose ចំនួន ៨ចំណុច។ បន្ថែមពីនេះក៏មានជម្រើស ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, អេក្រ់កន្សាន្តសម្រាប់អ្នកដំណើរខាងក្រោយទំហំ ១១អ៊ីញ, កន្លែងសាកថ្មឥតខ្សែ, ហ្វ្រាំងដៃអេឡិចត្រនិច និង កាំម៉េរា ៣៦០ដឺក្រេ។
សម្រាប់ទីផ្សារប្រទេសថៃ រថយន្ត Nissan Terra ឆ្នាំ២០២១ បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រ Turbocharged កម្លាំង ១៩០សេះ និងកម្លាំងបង្វិល ៤៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៧វគ្គអូតូ និងជម្រើសបើកបរ ប៉ុងមួយ ឬ ប៉ុងពីរ។ ចំណែកឯតម្លៃនៃរថយន្តនេះ គឺចាប់ពីចន្លោះ ១ ១៩៩ ទៅ ១ ៤៩៩លានបាត ឬ ៣៥ ៩០០ ទៅ ៤៤ ៩០០ដុល្លារ៕